ភ្នំពេញ៖ យោងតាមសេចក្តីណែនាំ របស់សម្តេច ស ខេង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់យ៉ាងដូច្នេះថា «បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត»។
ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ឲ្យរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត។
សម្តេច ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ រឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយអប់រំច្បាប់ ដែលបាននាំឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។
បើតាមសម្តេច ស ខេង, ការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ដោយក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២០ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៧៧៨លើក ស្មើ២៣% អ្នកស្លាប់បានថយចុះ ចំនួន២៨៨នាក់ ស្មើ១៧% និងអ្នករបួសថយចុះ ១២០៧នាក់ ស្មើ២៣% បើប្រៀបធៀបរយៈពេលដូចគ្នា នាឆ្នាំ២០១៩៕
ដោយ៖ សិលា