ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ អ៊ុក ឯក សង្ហា បានបង្ហោះវីដេអូឃ្លីបមួយដែលមានរយៈពេល ០:២៦វិនាទី កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ស្រ្តីវ័យចំណាស់ម្នាក់ មានបំណងចូលទៅបង់ថ្លៃអគ្គិសនី នៅស្នាក់ការ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ តែត្រូវខាងបុគ្គលិកអគ្គិសនីកម្ពុជា តម្រូវឲ្យគាត់ពាក់ម៉ាស់ មុនចូលទៅក្នុង ដើម្បីបង់ថ្លៃ(អគ្គិសនី) ។
ប៉ុន្តែស្ត្រីមិនទាន់ស្គាល់អត្តសញ្ញាណរូបនេះ នៅតែនិយាយចចេស មិនព្រមពាក់ម៉ាស់ទេ ទោះបីមានការអង្វរ.កពីសំណាក់មន្រ្តីអគ្គិសនីយ៉ាងណាក៏ដោយ គាត់នៅតែបដិសេធមិនព្រមទទួលម៉ាស់ ដែលគេជូនម៉ាស់ឲ្យគាត់ថែមទៀត ។ មិនតែប៉ុណ្ណោះក្នុងឃ្លីបវីដេអូមួយនេះអមដោយសារថា៖ «ទោះស្លាប់ក៏គាត់មិនពាក់ម៉ាស់ដែរ» បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ទៅលើស្ត្រីម្នាក់នេះ ក្នុងបណ្ដាញសង្គម។
សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ធ្លាប់បានអំពាវនាដល់ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្ន ហើយអំពាវនាវឲ្យមានការពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ និងបន្តរក្សាគម្លាតពីគ្នា ពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល ។ បន្ទាប់ពី«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ពេលវេលា១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យការប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានដាក់ចេញវិធានការថ្មីមួយទៀត គឺផ្តល់សិទ្ធិឲ្យរដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត បិទក្រសួង ឬស្ថាប័នក្រោមការគ្រប់គ្រងរបស់ក្រសួង បិទសាលា បិទអាហារដ្ឋាន ឬទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះសហគមន៍ ២៨វិច្ឆិកា។
សម្តេចតេជោ បានរំពឹងថា ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងចូលរួមសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយអាចយកឈ្នះលើព្រឹត្តិការណ៍នេះផងដែរ ។
តោះសូមទស្សនាវីដេអូ នូវទង្វើរបស់ស្ត្រីដែលបដិសេធមិនព្រមពាក់ម៉ាស់មានដូចខាងក្រោម ៖
ដោយ៖ស តារា