ភ្នំពេញ៖ ក្នុងស្មារតីនៃការចេះជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមខ្មែរតែមួយ ស.ស.យ.ក.បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាជនរងគ្រោះពីគ្រោះទឹកជំនន់ទូទាំងប្រទេស។ នេះបើយោងតាម ប្រកាសព័ត៌មាន ដែលអង្គភាព ទទួលបាននាថ្ងៃទី២ធ្នូឆ្នាំ២០២០នេះ។
ក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះស.ស.យ.ក. សម្រេចបានស្នាដៃ ក៏ដូចជាសមិទ្ធផលជាច្រើនជូនជាតិ និងដើម្បីប្រជាជន ហើយការសម្រេចបានទាំងនេះ គឺស្តែងចេញពីការចូលរួមស្ម័គ្រចិត្ត ការលះបង់ ទាំងកម្លាំងកាយចិត្ត និងធនធានរបស់បងប្អូន សមាជិក សមាជិកា យុវជនស្ម័គ្រចិត្តរបស់យើងគ្រប់រូប។ សម្រាប់ឆ្នាំ២០២០ នេះ ស.ស.យ.ក. បានចូលរួមកាន់តែសស្រាក់សស្រាំ ក្នុងបេសកកម្មរបស់ខ្លួនក្រោមស្មារតី «ការចេះជួយគ្នាក្នុងគ្រាលំបាក» ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងតែជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់។
សកម្មភាពគោលៗទាំងនោះរួមមាន៖ ក្នុងស្មារតីយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ស.ស.យ.ក. មកពីគ្រប់ខេត្តក្រុង រាជធានី បានសហការគ្នា ចូលរួមជាមួយរាជរដ្ឋាភិបាលចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន បន្តជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈ៖
១- យុទ្ធនាការចុះអប់រំផ្សព្វផ្សាយឥតឈប់ឈរពីវិធីបង្ការ និងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដែលមានការចូលរួមពីស.ស.យ.ក. មកគ្រប់តំបន់។
២-ស្វែងរកការឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋានដើម្បីរួមចំណែកជាធនធានថវិកា និងសម្ភារផ្សេងៗ ហើយបាននាំយកសម្ភារសប្បុរសធម៌ទាំងនោះ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ផ្ទាល់។
៣-យុទ្ធនាការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គមនានា ជាវីដេអូ, រូបភាព និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
ក្រុមគ្រួសារ ស.ស.យ.ក. មកពីគ្រប់រាជធានីខេត្ត បានរួមសហការគ្នាជាមួយវិស័យឯកជន និងដៃគូ ចុះចែកនូវសម្ភារ និងស្បៀងអាហារ ជូនទៅដល់កងកម្លាំង ប្រជាការពារ និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ជាពិសេសតំបន់ដែលរងការប៉ះពាល់ធ្ងន់ធ្ងរ រួមមានរាជធានីភ្នំពេញ (ឧបត្ថម្ភដោយស្ថានទូតចិនជូនប្រជាពលរដ្ឋចំនួន ៨០០គ្រួសារ) ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺ ដែលសរុបជារួមមាន ថ្នាំប៉ារ៉ាសេតាមុល ៥០កេស ថ្នាំម៉ុលទីវីតាមីន ៥០កេស អង្ករ ១៦តោន ទឹកសុទ្ធ ៤៨០០កេស ទឹកក្រូច ១៥០០កេស មី២៨០០កេស ត្រីខ២៨០០យួរ ទឹកស៊ីអ៊ីវ ៨០០យួរ។
ក្រៅពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់ ក្រុមគ្រួសារស.ស.យ.ក. ក៏បានចូលរួមសហការក្នុងសកម្មភាពនានាជាច្រើនទៀតដូចជា៖ ការបង្កើតគម្រោងចែកឯកសារមេរៀនសង្ខេប និងសន្លឹកកិច្ចការសម្រាប់សិស្សានុសិស្សថ្នាក់ទី ១២ នៅទូទាំងប្រទេស ដើម្បីជាចូលរួមគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡាក្នុងដំណាក់កាលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ សិក្សា២០១៩-២០២០ នាពេលខាងមុខ, និងការចូលរួមក្នុងយុទ្ធនាការភ្នំពេញស្អាត នៃ គម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ២០២០ «ស្អាត ជាទម្លាប់ថ្មី» ចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ រួមជាមួយសកម្មភាពជាច្រើនផ្សេងទៀត។
នៅថ្ងៃទី០២ ខែធ្នូ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបន្តវេនពីសមាគមយុវជនកម្ពុជា និង រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។
ក្នុងនាមជាយុវជនជំនាន់ក្រោយ ស.ស.យ.ក បានយល់យ៉ាងច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃរបស់យុវជនជំនាន់មុន ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជាមកដល់បច្ចុប្បន្ន ដូច្នេះហើយពួកយើងបានប្តេជ្ញា ចងចាំ និងរក្សាឲ្យបាននូវស្មារតី២ធ្នូ នេះតទៅថ្ងៃមុខ ហើយនឹងបន្តនូវបេសកកម្មរបស់ខ្លួន ការពារឲ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ, ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបន្តសកម្មភាពស័្មគ្រចិត្តរបស់ខ្លួនតទៅមុខទៀត។
ក្នុងកាលៈទេសៈដែលប្រទេសជួយការលំបាក ស.ស.យ.ក. នឹងបន្តស្មារតីរួបរួមសាមគ្គីគ្នា ហើយជឿជាក់ថា ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា ៕