ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុករះម៉ូតូ៣គ្រឿងនិងឡំប្រឺតាមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូបីគ្រឿងនិងឡំប្រឺតាមួយគ្រឿងទៀតបានរងខូចខាតយ៉ាងដំណំ ខណៈដែលកំពុងឈប់ចាំភ្លើងសញ្ញាចរាចរណ៍ស្រាប់តែរថយន្តមួយគ្រឿងបើកមកបុករះពីខាងក្រោយពេញទំហឹងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅត្រង់ណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូចំនួន៣គ្រឿងនិងឡំប្រឺតាមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយក៏ឈប់ចាំភ្លើងសញ្ញាចរាចរណ៍ដើម្បីបន្តដំណើរទៅមុខទៀត ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ3A-0060 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតជាព្រូដែលធ្វើដំណើរស្របទិសគ្នាមកពីខាងក្រោយដោយចាប់ហ្វ្រ័ងមិនសុីក៏បុកឡំប្រឺតា រួចរុញបន្តទៅបុកម៉ូតូបីគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខចុះមកដល់ទីតាំងកើតហេតុដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តយល់ព្រមសងសំណងទៅខាងម្ចាស់ឡំប្រឺតានិងភាគីម៉ូតូទាំងអស់ដើម្បីបញ្ចប់នៅកន្លែងកើតហេតុ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖