ខេត្តពោធិ៍សាត់ ៖ កុមារា២នាក់បងប្អូនបង្កើតបានលង់ទឹករណ្ដៅដីស្លាប់យ៉ាងសង្វេគ នៅគ្រាដែលឪពុករវល់ដឹកសត្វក្របីយកទៅឲ្យផឹកទឹក រីឯស្រ្តីម្ដាយក៏ជាប់រវល់កើបស្រូវនៅលានខាងក្រោយផ្ទះ ដែរនោះ ។
ហេតុការណ៍កុមារាលង់ទឹកស្លាប់យ៉ាងរន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចរណ្ដៅដី(អាអុិច)កាយផ្នែកខាងជើងផ្ទះចម្ងាយប្រមាណ៥០ម៉ែត្រ ស្ថិតនៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុ កុមារារងគ្រោះ(ស្លាប់)ជាបងឈ្មោះ គា តុលា អាយុ ៦ឆ្នាំ ជនជាតិខ្មែរ និងកុមារាប្អូនឈ្មោះ គា សីហា អាយុ ៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ សាន គា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងម្ដាយឈ្មោះ វ៉ែន ចាន់ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពដដែលបន្តទៀតថា មុនកើតហេតុឪពុកម្ដាយឃើញកូនៗនាំគ្នាលេងនៅមុខផ្ទះ ខណៈនោះឪពុក(សាន គា)បានដឹកក្របីយកទៅឲ្យផឹកទឹកនៅឯស្ទឹង ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះ ចំណែកឯស្រ្តីជាម្ដាយទៅកើបស្រូវលានផ្នែកខាងក្រោយផ្ទះ កំពុងតែនាំគ្នារវល់បែបនេះស្រាប់តែបាត់កូនៗអត់ដឹងទៅណា ទើបនាំគ្នាឆោឡោចែកផ្លូវគ្នាដើររក ក៏ប្រទះឃើញស្បែកជើងនៅមាត់រណ្ដៅ(អាអុិច)កាយយកទឹកដើម្បីប្រើប្រាស់ ក៏មានការសង្ស័យនាំគ្នាចុះរាវក្នុងទឹកជម្រៅប្រមាណ៤ម៉ែត្រ ប្រទះឃើញស្លាប់អស់ទៅហើយបានត្រឹមនាំគ្នាទ្រហ៊ោយំប៉ុណ្ណោះ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីកុមារាលង់ទឹកស្លាប់យ៉ាងរន្ធត់នេះ គេឃើញសមត្ថកិច្ចនគរបាលចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរ ទើបធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្ដាយ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន