ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជុំ សំនិត្យ ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យកំពុងល្បីថា​រត់ការយកតំណែងវិញ​ ក្រោយរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ដាក់ក្នុងភាពទំនេរ​ដោយគ្មានប្រាក់បៀវត្ស

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ​ ៖ មិនដឹងថា​លោក​ ជុំ​ សំនិត្យ អតីតប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យអស់ប្រាក់ប៉ុន្មានហើយនោះទេក្នុងការរត់ការចូលកាន់មុខតំណែងចាស់វិញ​ ក្រោយពេលអគ្គបណ្ឌិតសភាចារ្យ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរ​អត់ប្រាក់បៀវត្ស កាលពីថ្ងៃទី១១​ ​ខែកញ្ញា​ ឆ្នាំ២០២០​ កន្លងទៅថ្មីៗនេះ។

មានសេចក្តីរាយការណ៍មកថា​ លោក​ ជុំ​ សំនិត្យ ត្រូវបានពលរដ្ឋខេត្តឧត្ដរមានជ័យ ប្ដឹងទៅតុលាការផង​ ប្ដឹងទៅក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុផង ជុំវិញរឿងអាស្រូវ​ដែលប្រើតួនាទី​ និងអំណាច​ គាបសង្កត់យកប្រាក់​ ហើយមិនបានបំពេញកាតព្វកិច្ច។​
លោក​ ជុំ សំនិត្យ មិនត្រូវបានពលរដ្ឋស្វាគមន៍ឱ្យវិលត្រឡប់មកបម្រើការក្នុងខេត្តឧត្ដរមានជ័យតទៅទៀតទេ ព្រោះ​ លោក​បានកាន់តំណែងជាប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យជាង​១៥ឆ្នាំ​ មកនេះ​ បានធ្វើឱ្យពលរដ្ឋរងគ្រោះដោយសារតែការគាបសង្កត់ច្រើនករណីណាស់ ទើបពួកគាត់ប្ដឹងករណីនេះ​ទៅថ្នាក់លើ។

សូមបញ្ជាក់ថា​ លោក​ ជុំ​ សំនិត្យ ធ្លាប់មានរឿងអាស្រូវយកស្រ្ដីជាមន្រ្ដីជាប់កិច្ចសន្យា​ធ្វើជាកំណាន់ចិត្តក្បត់ភរិយា បញ្ចូលឈ្មោះកូនស្រីរបស់ខ្លួនជាមន្រ្ដីជាប់កិច្ចសន្យាតែមិនចូលបម្រើការងារ​ទេគឺបើកយកតែប្រាក់បៀវត្ស​ (ប្រាក់រដ្ឋរាប់ឆ្នាំ)​ និងដឹកនាំទំនិញឆ្លងដែនកម្ពុជា-ថៃ​ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ជាច្រើនឆ្នាំ ដូចជា​ ទឹកសុទ្ធ ស្រា និងស្រាបៀរយកទៅលក់នៅទីក្រុងភ្នំពេញគ្មានបង់ពន្ធជូនរដ្ឋ និងយករថយន្ដអង្គភាពដឹកជញ្ជូនទំនិញអត់ពន្ធ។
ករណីនេះ​ ធ្វើឱ្យពលរដ្ឋ​អស់ជំនឿអស់ទំនុកចិត្ដ មានការព្រួយបារម្ភ​ និងភ័យខ្លាចយ៉ាងខ្លាំង។ ពលរដ្ឋនៅខេត្តឧត្ដរមានជ័យ សូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា បណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជួយដាក់មុខងារលោក​ ជុំ​ សំនិត្យ ទៅកន្លែងផ្សេងវិញផង ព្រោះនៅខេត្តឧត្ដរមានជ័យ​ មានពលរដ្ឋរងគ្រោះច្រើនណាស់។

ជុំវិញករណីខាងលើ​ លោក​ ជុំ សំនិត្យ​ មិនបានបកស្រាយលម្អិត​ ចំពោះការរត់ការចូលកាន់មុខតំណែងវិញនោះទេ លោកគ្រាន់តែឆ្លើយពីរម៉ាត់យ៉ាងខ្លីថា​ «ហើយម៉េច?»៕ប៉ែន នួន


ចែករំលែក៖