បច្ចេកវិទ្យា៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ដោយសារតែមានការគាំទ្រពីសំណាក់សម្ព័ន្ធក្រុមហ៊ុនយក្សចិន Alibaba Group ក្រុមហ៊ុនផលិតយានជំនិះស្វ័យប្រវត្តិរបស់ប្រទេសចិនឈ្មោះថា AutoX បានចាប់ផ្តើមការធ្វើតេស្តលើបច្ចេកវិទ្យាគ្មានមនុស្សបើកទាំងស្រុងក្នុងប្រទេសចិន ជាមួយរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Fiat Chrysler Automobiles។
ទីភ្នាក់ងារ Reuters បានបន្តថា ដើម្បីធ្វើតេស្តបច្ចេកវិទ្យារបស់ខ្លួន ក្រុមហ៊ុនAutoX នឹងមានក្រុមរថយន្តគ្មានមនុស្សបញ្ជាបើកបរសរុប២៥គ្រឿង នៅទីក្រុង Shenzhen ហើយ៥គ្រឿងនៅតាមទីក្រុងដទៃទៀត។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បានកែច្នៃយានជំនិះមកពីក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងៗគ្នា ហើយធ្វើការសាកល្បងពួកវាក្នុងទីក្រុង Shenzhen ផ្ទាល់ និងនៅទីក្រុងមួយចំនួនទៀតក្នុងប្រទេសចិនដូចជា Shanghai, Guangzhou, Wuhan និង Wuhu។
សូមជម្រាបថា ដោយពុំដូចក្រុមហ៊ុនជាគូប្រជែងគឺ WeRide និង Baidu ឡើយ ដែលកំពុងធ្វើតេស្តយានជំនិះគ្មានមនុស្សបើកផ្ទាល់របស់ពួកគេនៅក្នុងប្រទេសចិន។ ប៉ុន្តែប្រើប្រាស់មជ្ឈមណ្ឌលបញ្ជាពីចម្ងាយមួយ ដើម្បីគ្រប់គ្រងយានជំនិះក្នុងករណីចាំបាច់ ក្រុមហ៊ុន AutoX នឹងមិនប្រើប្រាស់មជ្ឈមណ្ឌលបញ្ជាពីចម្ងាយបែបនេះឡើយ។
លើសពីនេះនៅក្នុងប្រទេសចិន ក៏មានក្រុមហ៊ុនមួយចំនួនទៀតដូចជាPony.ai និង Didi Chuxing ដែលកំពុងធ្វើតេស្តបច្ចេកវិទ្យារថយន្តគ្មានមនុស្សបើកផងដែរ ប៉ុន្តែនៅក្នុងរថយន្តរបស់ពួកគេ មានបុគ្គលិកសុវត្ថិភាពមួយឬពីរនាក់ ដើម្បីត្រៀមគ្រប់គ្រងយានជំនិះ ក្នុងករណីអាសន្ននឹកស្មានមិនដល់ណាមួយ
បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យា កំពុងតែផ្តោតការវិនិយោគទំហំរាប់ពាន់លានដុល្លារ ទៅក្នុងបច្ចេកវិទ្យាយានជំនិះគ្មានមនុស្សបើកបរ ក្រោមគោលដៅប្រកួតប្រជែងគ្នានាំមុខនៅក្នុងវិស័យ ដែលមនុស្សភាគច្រើនចាត់ទុកថា ជាអនាគតនៃការធ្វើដំណើរ៕ដោយ៖ស តារា