បច្ចុប្បន្នក្រៅពីបិទព្រំដែនHaryana និង Punjab ពេលនេះកសិករឥណ្ឌាមកពីរដ្ឋផ្សេងៗទៀតដូចជាUttar Pradesh និង Madhya Pradesh ក៏បាននាំគ្នាធ្វើដំណើរសំដៅទៅកាន់រដ្ឋធានីញូវដេលីដែរដើម្បីធ្វើបាតុកម្មប្រឆាំងច្បាប់ស្តីពីកសិកម្មថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កសិករ។
ពលរដ្ឋឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាទៅកាន់រដ្ឋធានីញូវដេលី ក្នុងរយៈពេល១សប្តាហ៍កន្លងមក ហើយដើម្បីចូលរួមធ្វើមហាបាតុកម្ម។ ការធ្វើដំណើរទៅកាន់រដ្ឋធានីយ៉ាងច្រើនបែបនេះបានធ្វើឲ្យផ្លូវថ្នល់ជាច្រើនត្រូវកកស្ទះ ហើយកម្លាំងប៉ូលិសក៏បានបិទច្រកចូលក្នុងរដ្ឋធានីផងដែរ។
ប៉ូលិសទីក្រុងញូវដេលីកាលពីថ្ងៃទី ៣ខែធ្នូបានបិទផ្លូវតភ្ជាប់ពីរដ្ឋធានីទៅកាន់បណ្តារដ្ឋ ដើម្បីទប់ស្កាត់ កសិករសម្រុកមករដ្ឋធានីធ្វើឲ្យកកស្ទះចរាចរណ៍ និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។
កាលពីថ្ងៃទី៣ខែធ្នូ តំណាងក្រុមបាតុករ និងបណ្តារដ្ឋមន្ត្រី អភិបាលរដ្ឋបានជួបពិភាក្សាគ្នា ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយទេ ក្រោយកិច្ចពិភាក្សាគ្នារយៈពេលជាង៧ម៉ោង។ តំណាងកសិករ សង្ឃឹមថានឹងមានកិច្ចពិភាក្សាជាបន្តទៀតនៅថ្ងៃទី៥ខែធ្នូស្តីពីច្បាប់កសិកម្មថ្មីរបស់ឥណ្ឌា ។
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌា លោកNarendra Singh Tomar បានអំពាវនាវដល់កសិករឈប់មកកាន់រដ្ឋធានីញូវដេលីធ្វើបាតុកម្ម ដែលអាចប៉ះពាល់ដល់ពលរដ្ឋនៅក្នុងរដ្ឋធានី៕ដោយ៖ធី រីណា