ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូភីសុីអុិចបត់ឆ្វេងមិនមើលក្រោយត្រូវម៉ូតូហុងដាវ៉េវបុកពីក្រោយរបួស២នាក់នៅព្រៃឆ្លាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីពីរនាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាភីសុីអុិចបត់ឆ្វេងមិនបានមើល ក្រោយបណ្ដាលឲ្យម៉ូតូហុងដាវ៉េវចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចមកដឹកភាគីទាំងសងខាងយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីដែលបង្កហេតុមានឈ្មោះយស់ សាវឿន អាយុ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិរូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HF-១៦០៩។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ប៉េង កុសល អាយុ២២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១B-៨៥៣៧ ។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានស្ត្រីចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១HF-១៦០៩លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចខណៈនោះក៏បានបត់ឆ្វេងមិនបានមើលក្រោយស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១B-៨៥៣៧ជិះដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតាមដងផ្លូវតែម្ដង។

ក្រោយមកអ្នករបួសទាំងសងខាងត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយសមត្ថកិច្ចជំនាញបានវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖