ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់៣នាក់ជាជនជាតិចិនត្រូវកម្លាំងនគរបាលឃាត់ខ្លួនក្រោយកាច់.កសម្លាប់ចិនដូចគ្នានៅកាស៉ីណូជៀឡុងជូរ ក្រុងព្រះសីហនុ រួចយកសពទៅប្លុងចោលក្នុងរថយន្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះថា មានករណីជនជាតិចិនមួយក្រុមបានកាច់កសម្លាប់ជនជាតិចិនដូចគ្នា ដែលហេតុការណ៍ដ៏សាហាវឃោរឃៅនេះបានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកាស៊ីណូជៀឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ រួចយកសពទៅប្លុងចោលក្នុងរថយន្ដមួយគ្រឿងម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-3012 នៅតាមបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP១២ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុហើយក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថា ជាលទ្ធផលនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG អាយុ៣៥ឆ្នាំ ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈដែលជននេះ និងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ។

ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើបានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេនិងបក្ខពួកបានយកសាកសពចុះពីជាន់លើនៃកាស៊ីណូមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-3012 យកទៅប្លុងចោល។

លុះនៅរសៀលថ្ងៃទី០១ ខែធ្នូ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដបន្ដប្រតិបត្ដិការដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ (កន្លែងកើតហេតុ)។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះសរុបចំនួន៣នាក់ជាជនជាតិចិន៣នាក់ (ស្រីម្នាក់) ដែលក្នុងនោះមាន៖ ទី១-ឈ្មោះ Li Feng អាយុ៣៥ឆ្នាំ មុខរបរសន្ដិសុខកាស៊ីណូ, ទី២-ឈ្មោះ Yu Yan Long អាយុ៣៥ឆ្នាំ មុខរបរសន្ដិសុខកាស៊ីណូ និងទី៣-ឈ្មោះ Tu Lin ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរថយន្ដ០១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-3012 (មធ្យោបាយធ្វើសកម្មភាព), ក្បាលឌីវីអ័រ ចំនួន២គ្រឿង, ហាតឌីស ចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៣គ្រឿង, លិខិតឆ្លងដែនចំនួន២ក្បាល, កាបូបស្ពាយពណ៌ខ្មៅចំនួន១, រថយន្ដ១គ្រឿងម៉ាកស្ដារិក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-9280។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធីដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖