ទីក្រុងមូស្គូនឹងបើកសម្ពោធមជ្ឈមណ្ឌលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ អ្នកដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺគ្រូបង្រៀន សាស្ត្រាចារ្យ ក្រុមគ្រូពេទ្យនិងមន្ត្រីបុគ្គលិកបម្រើបការក្នុងសង្គម។
កាលពីថ្ងៃទី២ខែធ្នូ ប្រធានាធិបតីពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាទ្រង់ទ្រាយធំដល់អ្នកដែលបានស្ម័គ្រចិត្តមកចាក់។ ជាមួយគ្នានោះ គ្រូបង្រៀន គ្រូពេទ្យនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។
វ៉ាក់សាំងSputnik V របស់រុស្ស៊ី ជាវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោក ដោយរុស្ស៊ីបានអនុម័ត តាំងពីដើមខែសីហា។ នៅពេលនោះកូនស្រី របស់ប្រធានាធិបតីពូទីន គឺជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sputnik V ក្នុងការសាកល្បងដំណាក់កាលទី៣។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា នឹងមានវ៉ាក់សាំងSputnik V ជាង២លានដូសត្រូវបានផលិតក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ លោកពូទីនបានបញ្ជាក់ថា « ការផលិតបានច្រើន អាចបំពេញតម្រូវការចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ដល់អ្នកដែលអាចប្រឈមការឆ្លងខ្ពស់ »។
វ៉ាក់សាំងSputnik V បានធ្វើតេស្តទៅលើមនុស្សស្ម័គ្រចិត្តជាង៤ម៉ឺននាក់ ដោយលទ្ធផលទទួលបានជោគជ័យជាង៩០ភាគរយ៕
ដោយ៖ធី រីណា