ភ្នំពេញ ៖ បន្ទាប់ពីអង្គភាព«នគរដ្រេហ្គន» កាលពីម្សិលមុិញ រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានទទួលដំណឹងពីប្រជាពលរដ្ឋ លើកឡើងថា៖ ក្នុងសង្កាត់បាក់ខែងសំបូរណាស់ ការដាក់អ៊ូសាឡង់បូមខ្សាច់ លាន់ឮកងរំពងពេញភូមិ .មិនដឹងថាមានច្បាប់ឬអត់ច្បាប់ ! ក្នុងនោះពួកគាត់បង្ហើបថា៖ គ្រាន់តែក្នុងមូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានការដាក់អ៊ូសាឡង់បូមខ្សាច់ មានប្រមាណ៥-៦កន្លែង ក្នុងនោះទីតាំងរបស់ ឧកញ៉ា លឹម ស្រូយ ២កន្លែង ធ្វើអាជីកម្មបូមខ្សាច់យ៉ាងចាស់វស្សានៅទីនោះ និងជាបុគ្គលម្នាក់ ខាងបូមខ្សាច់លោតឆ័ត្រដ៏ល្បីផងដែរកន្លងទៅ គឺធ្លាប់បូមខ្សាច់ពីទន្លេសាប ក្នុងខណ្ឌព្រែកព្នៅ ទម្លុះផ្លូវជាតិលេខ៥ បូមខ្សាច់ដាក់ចូលបឹងសំរោង។ បច្ចុប្បន្នឧកញ៉ា លឹម ស្រូយ មកដាក់អ៊ូសាឡង់បូមខ្សាច់នៅសង្កាត់បាក់ខែង យ៉ាងសុខសាន្ត ទទួលបានភាពកក់ក្តៅពីអាជ្ញាធរ ប៉ុន្តែគេពុំដឹងថា មានច្បាប់អនុញ្ញាត ឮក៏លោតឆ័ត្រនោះដែរ ។ ទីបំផុតនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ តំណាងអភិបាល នៃគណៈអភិបាល និងជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺលោក ស៊ុយ សេរិទ្ធ អភិបាលរង សាលារាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ មានការសហការចូលរួមពីអាជ្ញាធរសង្កាត់ ខណ្ឌ ពិតជាទទួលស្គាល់ថា ការដាក់អ៊ូសាឡង់បូមខ្សាច់ គ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលសាលារាជធានីភ្នំពេញមែន ។ ចំណុចនេះប្រជាពលរដ្ឋឆ្ងល់ថា ៖ ការដាក់អ៊ូបូមខ្សាច់រាប់សិបឆ្នាំមកហើយ ហេតុអីក៏អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ មិនដឹង ..? ឬមួយកន្ទេលធំបន្លំដេក អាចក្លាយជាមន្ត្រីគ្រាប់ល្ពៅ..! ។ ចុះបើប្រព័ន្ធផ្សព្វផ្សាយមិនបានដកស្រង់សំដីប្រជាពលរដ្ឋបានអោយដឹងដល់ថ្នាក់លើទេ សួរថា តើអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ គាត់គ្មានសមត្ថភាពទទួលព័ត៌មាន ជុំវិញការដាក់ទីតាំងអ៊ូបូមខ្សាច់ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោចង្វារនោះមែន ឬក៏បាក់អាថ៍កំបាំងថ្នាក់លើ..? ប្រជាពលរដ្ឋត្រេកអរ ខណៈបានឃើញថ្នាក់ដឹកនាំរាជធានីភ្នំពេញចុះមកពិនិត្យដោយផ្ទាល់ បន្ទាប់ពីអង្គភាព«នគរដ្រេហ្គន»ចុះផ្សាយរឿងនេះ។
លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានឱ្យអង្គភាព«នគរដ្រេហ្គន»ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ថា៖ អាជ្ញាធរក្រុងពិតជា បានចុះមកពិនិត្យមើលមែននៅកន្លែងទីតាំងដាក់អ៊ូបូមខ្សាច់ ក្នុងសង្កាត់បាក់ខែង ប៉ុន្តែលោកមិនទាន់ដឹងពីគោលការណ៍ថ្នាក់លើមានចំណាត់ការបែបណា ពីព្រោះចៅសង្កាត់រងម្នាក់បានទៅចូលរួម នឹងមិនទាន់រាយការណ៍ជូនមកលោកនៅឡើយ។
លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានបន្តថា៖ ឋានៈត្រឹមខ្ញុំថ្នាក់មូលដ្ឋានគេមិនស្តាប់ទេ អាងអីពីថ្នាក់លើៗ ដល់ពេលនេះថ្នាក់លើកចុះមកដឹងហើយថាយ៉ាងមេច. ! លោកថា«ខ្ញុំសុំតែសុខ និងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្ញុំស្រឡាញ់បានហើយ ល្មមៗខ្ញុំមិនហ៊ានទេខ្លាចជ្រុះស័ក្តិពីស្មា»។
សូមរំឮកថា៖ ទីតាំងដាក់អ៊ូសាឡង់បូមខ្សាច់នៅសង្កាត់បាក់ខែង មិនត្រឹមតែឧកញ៉ា លឹម ស្រូយ ជាជើងខ្លាំងមានឱកាសបូមខ្សាច់រាប់ឆ្នាំនៅទីនោះទេ គាត់មានទីតាំងដល់២កន្លែង បូមយ៉ាងអនាធិបតេយ្យ និងជាមេក្លោងខាងចេញមុខកាង រត់ការឱ្យទីតាំងដាក់អ៊ូសាឡង់បូមខ្សាច់ជាច្រើនកន្លែងនៅមូលដ្ឋានសង្កាត់បាក់ខែង ហើយមានឈ្មោះ«ជាតិ» មិនដឹងថា ជាអភិបាលខណ្ឌជ្រោយចង្វារផុតលេខ ឬជាបុគ្គលមកពីក្រហែងមេឃណាទេ ឮល្ហៀងៗថា មានឥទ្ធិពលប្រមូលលុយពីទីតាំងដាក់អ៊ូបូមខ្សាច់ទាំងនោះ រហូតដល់មានពាក្យចចាមរ៉ាមខ្លះថា ឈ្មោះ «ជាតិ» មានដាក់ហ៊ុនខ្លះដែរជាមួយឧកញ៉ា លឹម ស្រូយ។
ពាក់ព័ន្ធករណីនេះនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ា លឹម ស្រូយ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទថា៖ កន្លែងខ្ញុំមានច្បាប់ មិនមែនចេញដោយក្រសួងរ៉ែនិងថាមពល ទេ គឺចេញដោយក្រសួងការពារជាតិ ក្នុងរុករកគ្រាប់យុទ្ធភ័ណ្ឌក្នុងទន្លេ ជាក់ស្តែងក្រុមហ៊ុនក៏បូមរុករកឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមរហូតដល់៧គ្រាប់ឯណោះ។ លោកឧកញ៉ា លឹម ស្រូយ បន្តថា៖ ដោយឡែកកន្លែងដាក់អ៊ូមានសាឡង់ម៉ាសុីនបូមខ្សាច់ មិនមែនជារបស់គាត់ទេ ប៉ុន្តែគាត់ជួលដីនោះទៅអោយឧកញ៉ា លាង ឃុន ដើម្បីបូមខ្សាច់ទៅអភិវឌ្ឍន៍នៅម្តុំ ក្រោនភ្នំពេញ ហើយព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែមានខាងអាជ្ញាធរក្រុង និងខណ្ឌ សង្កាត់ តម្រូវឱ្យពួកគាត់ធ្វើការស្នើសុំច្បាប់អោយបានត្រឹមត្រូវ ដោយខាងក្រុងទុកពេលឱ្យរយៈពេល១ខែ។ ដោយឡែកចំពោះលេចឮចចាមរ៉ាមថាឈ្មោះ«ជាតិ»មានហ៊ុនជាមួយគាត់ គឺលោកឧកញ៉ា លឹម ស្រូយ បានធ្វើការបដិសេធ ដោយនិយាយថា៖ «ខ្ញុំមិនអោយអ្នកណាមកដាក់ហ៊ុនជាមួយខ្ញុំទេ បើឈ្មោះ«ជាតិ»នោះកាន់តែមិនមែន ខណៈ«ជាតិ» គាត់មានលុយឯណាមករកសុីជាមួយខ្ញុំ ….រួចលោកក៏សុំបញ្ចប់ការបកស្រាយសិន ព្រោះលោក ឃ្លាំង ហួត កំពុងទូរស័ព្ទមកកាន់គាត់»។
លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានប្រាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ ថ្ងៃនេះខាងសាលារាជធានីភ្នំពេញមកពិនិត្យ ដោយសារថ្ងៃមុនមានបណ្តឹងមួយ ខ្ញុំក៏ចុះទៅធ្វើ ចុះទៅបិទ ដល់ចុះទៅបិទខាងហ្នឹងគេខឹង ថាគាត់រកសុីមិនបាន គេរកសុីបាន តែគាត់ស្តាប់ខ្ញុំមិនបាន …ខ្ញុំប្រាប់គាត់ថា ការរកសុីទទួលទានក្នុងមូលដ្ឋានខ្ញុំ .ខ្ញុំគាំទ្រខាងអភិវឌ្ឍន៍ប្រទេសជាតិ ទី១-មានច្បាប់ ន,ទី២-ត្រូវបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់ និងទី៣ -កុំអោយប៉ៈពាល់ប្រជាជន ….រួចក៏បិទទូរស័ព្ទ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់អង្គភាព«នគរដ្រេហ្គន»កាលពីម្សិលមុិញថា៖ ការទម្លុះផ្លូវជាតិ ចាំបាច់ត្រូវធ្វើលិខិតស្នើសុំការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន មិនមែនចេះតែទម្លុះតាមចិត្តទេ ហើយការស្នើសុំនេះទៀតសោតខាងក្រសួងក៏មិនសំដៅថា អនុញ្ញាតអោយដែរ សំខាន់ត្រូវឱ្យខាងជំនាញបច្ចេកទេស ទៅពិនិត្យ វាយតម្លៃ ថាអោយច្បាប់ ឬមិនឱ្យ ។ បើអនុញ្ញាតក៏ត្រូវអនុវត្តតាមគោលការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ ដើម្បីផលប្រយោជន៍ជាតិ លើវិធានការការពារផ្លូវជាតិដែលបានស្ថាបនាហើយនោះ។ លោកបន្តថា៖ នៅផ្លូវជាតិលេខ៦អា មានការទម្លុះផ្លូវជាតិដាក់ទុយោបូមខ្សាច់ ហើយមានច្រើនកន្លែងទៀតនោះ ពិតណាស់ថាខាងក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតច្បាប់។
នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ អង្គភាព«នគរដ្រេហ្គន» មិនអាចសុំការបកស្រាយបានទេពីលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មូលហេតុអីខាងអាជ្ញាធរក្រុងចុះមកពិនិត្យ ហើយតម្រូវអោយធ្វើច្បាប់ ដោយសារទូរស័ព្ទរបស់លោកជាប់រវល់រហូត។
គេសង្ស័យថា រដ្ឋបាលសាលារាជធានីភ្នំពេញទើបនឹងដឹងថាទីតាំងដាក់អ៊ូសាឡង់ម៉ាសុឺនបូមខ្សាច់នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារធ្វើអាជីវម្មលោតឆ័ត្រ (ឯកសារមិនគ្រប់លក្ខណៈ) ទោះមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល អោយបូមខ្សាច់កណ្តាលទន្លេក៏ដោយ បើធ្វើអាជីវកម្មដាក់អ៊ូម៉ាសុឺនបូមតភ្ជាប់សាឡង់នៅមាត់ជ្រាំងទន្លេ ក៏ត្រូវមានការឯកភាពពីប្រជាពលរដ្ឋ អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ -សាលារាជធានីភ្នំពេញផងដែរ ទើបធ្វើអាជីវកម្មបាន ។ ទីបំផុត..! ដាក់អ៊ូបូមខ្សាច់ជាច្រើនទីតាំងនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាប់សិបឆ្នាំ ទើបនឹងបែកធ្លាយថា អត់បានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ..! ចុះអាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ គាត់មើលមិនឃើញ គាត់មិនថ្លង់ម៉ាសុឺនទេអី..? ឬមួយកន្ទេលធំបន្លំដេក..????…..៕
ដោយ៖សុខ ខេមរា