ភ្នំពេញ៖ ស្ត្រីវ័យ២៥ឆ្នាំម្នាក់បានឈឺពោះសម្រាលកូនម្នាក់ឯងនៅក្នុងបន្ទប់ទឹកដោយត្រូវប្តីចិត្តអប្រិយរត់ចោលទៅមានស្រីថ្មីទុកឲ្យស្ត្រីជាប្រពន្ធពពោះទាំងមានជីវភាពខ្វះខាត តែនាងត្រូវបានអង្គភាព៧១១មកជួយសង្គ្រោះទាន់ពេលវេលានិងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលសម្រាលកូននេះមានឈ្មោះ កែម ស្រីនិច អាយុ២៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ចំណុចខាងលើ មានស្រុកកំណើតនៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមការរៀបរាប់ពីស្ត្រីរូបនេះបានឲ្យដឹងថា នាងបានរៀបការអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែប្តីរបស់នាង រស់នៅមិនចុះសម្រុងនឹងគ្នាទេ លួចមានស្រីថ្មី ហើយនាំស្រីថ្មីនោះទៅបាត់អស់រយៈពេលច្រើនខែមកហើយ ទុកឲ្យនាងរស់នៅជាស្ត្រីម៉េម៉ាយពពោះតែម្នាក់ឯងជាមួយមុខរបរកម្មកររោងចក្រ ស្នាក់នៅក្រោមដំបូលផ្ទះជួលទាំងជីវភាពខ្វះខាត រហូតដល់ពោះធំគ្រប់ខែទៅហើយ តែមិនចាំថាថ្ងៃណា។ ម្យ៉ាងទៀតដោយសារតែនាងគ្មានលុយកាក់ផង ទើបមិនបានត្រៀមខ្លួន។ លុះមកដល់រសៀលថ្ងៃទី៣ធ្នូម្សិលមុិញក៏ស្រាប់តែកើតមានអាការឈឺចុកសៀតពោះ ក៏ចូលបន្ទប់ទឹកបែរជាបែកទឹកភ្លោះសម្រាលកូនតែម្តង ។បន្ទាប់មកទេីបបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងរាយការណ៍ទៅអង្គភាព៧១១ដេីម្បីសុំការជួយសង្គ្រោះនិងដឹកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងបន្ត។
ដោយសារតែឃេីញជីវភាពនាងខ្វះខាតខាងក្រុមការងារសង្គ្រោះ៧១១ក៏បានផ្តល់ជាអំណោយនិងថវិកាមួយចំនួនផងដែរ៕
ដោយ៖ សុខាសែនជ័យ