ភ្នំពេញ៖ ផ្ទុះការភ្ញាកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីលេចចេញវីដេអូពីនារីម្នាក់ ឈ្មោះស្រីម៉ុចបានធ្វើការរិះគន់អំពីអាកប្បកិរិយារបស់តារាចម្រៀងមាស សុខសោភា ដោយបានចោទទៅកាន់តារាចម្រៀងលំដាប់ជួរមុខរូបនេះថាជាតារាចម្រៀងវាយឬក និងរើសអើង និងដើរគន្លងម្ហូបអាហាររបស់នាង។សាររិះគន់នេះធ្វើឡើងក្រោយពីអ្នកលេងTik Tok រូបនេះបានរត់ទៅសុំ តារាចម្រៀងមាស សុខសោភា ថតជាមួយគ្រាដែលនាងបានធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំគូលែនខេត្តសៀមរាបនោះ ប៉ុន្តែការសុំនេះត្រូវបាននាងលើកឡើងថាអ្នកដែលរួមដំណើរជាមួយតារាចម្រៀងមាស សុខសោភា មិនអនុញ្ញាតផងដែរ ។ កាន់តែខ្នើសចិត្តគឺក្រោយពីអ្នករួមដំណើររបស់មាស សុខសោភា បានដើរកន្លងអាហារបស់នាងគ្រាដែលអង្គុយទទួលទានអាហារផងដែរ។
ទោះជាយ៉ាងណាក្រោយលេចវីដេអូរិះគន់ និងចោទប្រកាន់ចំៗនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងTik Tok លើសលប់បានរិះគន់បកទៅកាន់នារីរូបនេះវិញមិនសំច្ចៃមាត់ រហូតមានសិល្បករជាច្រើនបានថ្លែងសារឈឺឆ្អាល ដោយបានលើកឡើងពីអត្តចរិកពិតរបស់តារាចម្រៀងមាស សុខសោភា ថាមិនមែនដូចការចោទប្រកាន់របស់នារីខាងលើនោះឡើយ។ រហូតមានសិល្បករខ្លះថា នារីខាងលើនិយាយហាក់មិនមានភាពប្រាកដប្រជា មិនច្បាស់លាស់និងមិនសមហេតុផលថែមទៀតផងដែរ។ទោះជាយ៉ាងណានេះគឺជាករណីដំបូងដែលលេចចេញការលើកឡើងបែបនេះរបស់ទស្សនិកជនលើតារាចម្រៀង មាស សុខសោភាខណៈកន្លងមកគេសង្កេតឃើញសិល្បការិនីរូបនេះតែងបង្ហាញមុខក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ជាច្រើន ដូចគ្នាដែលនាងបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។ ទើសភ្នែកទើសត្រចៀកនឹងការរិះគន់នេះដែរ ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញយោបល់មួយចំនួនដែលលោកស្រីលើកឡើងថា ស្តាប់មើលទៅហាក់មិនដូចជាសមទំនង ពិសេសទៅលើចំណុចមនុស្សណាដែលហ៊ានដល់ថ្នាក់គ្មានសុជីវធម៌ ហើយទីតាំងអង្គុយទទួលទានបាយនៅភ្នំគូលែនក៏មិនតូចចង្អៀតដល់ថ្នាក់ត្រូវដណ្តើមកន្លែងគ្នាអង្គុយដូចការលើកឡើងនោះដែរ។
ជុំវិញការរិះគន់នេះដែរលោក មាស សុខរតនៈ ដែលជាអ្នកនាំពាក្យ និងជាបងប្រុសបង្កើតរបស់មាស សុខសោភា លើកឡើងថា លោកបានមើលឃើញពីវីដេអូនេះដែរដែលភាគច្រើនគាត់រិះគន់លើអាកប្បកិរិយារបស់អ្នករួមដំណើរជាមួយ ប្អូនស្រីលោកច្រើនជាង ប៉ុន្តែសម្រាប់លោកគឺលោកស្គាល់ច្បាស់ថាប្អូនលោកជាអ្នកណាគេ ហើយមានពុកម៉ែបងប្អូន និងអ្នកសិល្បៈជាច្រើនណាស់ដែលបានស្គាល់អត្តចរិកនាងច្បាស់ ហើយលោកក៏មិនចង់បកស្រាយអ្វីវែងឆ្ងាយដែរ សំខាន់គឺយើងស្គាល់ខ្លួនយើងច្បាស់ថាជាអ្នកណាគេទៅគឺបានហើយ ហើយកុំខ្វល់ខ្វាយច្រើន ម្យ៉ាងការគិតរបស់មនុស្សម្នាក់ៗគឺខុសប្លែកពីគ្នា។ លោកក៏មិនខ្វល់ខ្វាយច្រើនទេចំពោះបញ្ហានេះហើយក៏មិនមានគម្រោងក្នុងការវែងញែកតតាំងអ្វីទៅមកនោះដែរ សំខាន់យើងស្គាល់ខ្លួនយើង ហើយមនុស្សនៅជុំវិញខ្លួនយើងក៏ស្គាល់ថាយើងជាមនុស្សបែបម៉េច ។ លោកថាយើងមិនអាចបញ្ជាគេបង្គាប់គេឲ្យគិតឲ្យនិយាយទៅតាមអ្វីដែលយើងចង់បានឬមើលយើងក្នុងផ្លូវល្អនោះដែរ។ លោកថាសូម្បីតែនៅក្នុង Comment ក្នុងវីដេអូរបស់គាត់ក៏សបញ្ជាក់ពីទស្សនិកជនភាគច្រើនដែលបានស្គាល់ពីអត្តចរិករបស់ប្អូនស្រីលោកដែរថាជាមនុស្សយ៉ាងដូចម្តេច ហើយលោកក៏មិនមានអារម្មណ៍ខឹងសម្បាណាមួយទៅលើវីដេអូមួយនេះដែរ ហើយប្រសិនបើនារីរូបនេះនៅតែបន្តបញ្ចេញវីដេអូបន្តបន្ទាប់ទៀតក៏លោកនិងប្អូនស្រីនៅតែបន្តរក្សាជំហរមិនតតាំងអ្វីដែរព្រោះលោកនិងប្អូនស្រីមិនមែនជាមនុស្សចូលចិត្តតតាំងគ្នាលើបណ្តាញសង្គមហ្វេសប៊ុកដូចអាយ៉ៃឆ្លើយឆ្លងនោះដែរ គឺលោកនិងប្អូនស្រីមិនចង់ឈ្នះចង់ចាញ់នោះឡើយ៕ ដោយ៖ វឌ្ឍនា