ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃចាប់ពលករខ្មែរលួចចូលប្រទេសថៃចំនួន៣នាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ទាហានស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចចូលប្រទេសរបស់គេបានជាបន្តបន្ទាប់ចំនួន៣នាក់កាលពីវេលាម៉ោង២២៖៣០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលទាហានកងកម្លាំងបូផាស្រុកតាព្រះយ៉ា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទី១២ បានល្បាតក្នុងតំបន់ដែលពួកគេទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលព្រះរាជាណាចក្រថៃ និងទង្វើខុសច្បាប់ផ្សេងៗ ក្នុងអំឡុងនៃការរាតត្បាតរបស់កូវីដ-១៩។ បន្ទាប់មកកងកម្លាំងទាំងនេះបានប្រទះឃើញក្រុមបុគ្គល រួមទាំងថង់ដាក់សម្ភារ មានប្រុស១នាក់ និងស្រី២នាក់កំពុងដើរមកតាមច្រករបៀង ទិសខាងកើតរបស់ថ្នល់ សិរី ផេញ ចន្លោះចំណុចត្រួតពិនិត្យទី០៩-១០ ភូមិសែង ឃុំទ័ពស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ។ក្រោយពីធ្វើការត្រួតពិនិត្យក្រុមបុគ្គលខាងលើ គឺជាពលករខ្មែរនិងមិនមានឯកសារធ្វើដំណើរឡើយ។ ពួកគេទាំង៣នាក់រួមមានឈ្មោះ៖
១-រឿង ប៉ុ ភេទប្រុស អាយុ៣៥ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។
២-ចាន់ រ៉ើម ភេទស្រី អាយុ២៥ឆ្នាំ មកពីខេត្តសៀមរាប។
៣-ភឿ ភុំ ភេទស្រី អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប។

ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេចូលប្រទេសថៃដោយខុសច្បាប់ពិតមែន ដោយបានលួចចូលមកក្នុងព្រះរាជាណាចក្រថៃតាមច្រករបៀង ដើម្បីធ្វើដំណើរទៅធ្វើការសំណង់នៅឡាតប្រាវ ក្រុងថេប មហានគរ។យ៉ាងណាក៏ដោយ ពលករខ្មែរទាំងអស់បានប្រាប់ទៀតថា នៅពេលមកដល់ចំណុចណាត់ជួបហ្នឹងមានរថយន្តមកទទួលបញ្ជូនទៅក្រុងថេប មហានគរ ទើបសមត្ថកិច្ចធ្វើការឃុំខ្លួននិងចោទប្រកាន់ពីបទ បុគ្គលបរទេសលួចចូលប្រទេស និងស្នាក់នៅដោយមិនមានការអនុញ្ញាត។ បន្ទាប់មកបាននាំខ្លួនអ្នកទាំង៣ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់ និងបណ្ដេញឲ្យត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ដោយ៖វណ្ណា


ចែករំលែក៖