អគ្គនាយកកម្មវិធីស្បៀងអាហារ ពិភពលោក(WFP) លោក David Beasley បានព្រមានថា ពិភពលោកនឹងប្រឈមបញ្ហាអាក្រក់នៅប៉ុន្មានខែខាងមុខទៀត ។ លោកបន្តទៀតថា វិបត្តិមនុស្សធម៌កាន់តែធ្ងន់ទៅនៅក្នុងឆ្នាំ២០២១ ។
លោកDavid Beasley បានលើកឡើងពីបញ្ហាខាងលើនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ខែធ្នូ ស្តីពីការឆ្លងរាលដាលកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់ការខិតខំជាសកលដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់មនុស្សជាតិលើពិភពលោក។
មន្ត្រី(WFP) បានបញ្ជាក់ថា មានពលរដ្ឋដល់ទៅ២៧០លាននាក់ប្រឈមនឹងការស្លាប់ដោយសារអត់អាហារ ហើយពេលនេះនៅប្រទេសជាច្រើនកំពុងប្រឈមគ្រោះអត់ឃ្លាន។ លោកBaeasley បន្តទៀតថា ឆ្នាំ២០២១ គឺជាឆ្នាំអាក្រក់បំផុត ដោយសារតែយើងបានចំណាយប្រាក់អស់១៩.០០០លានដុល្លារ (១ម៉ឺន៩ពាន់លានដុល្លារ)។ ដូច្នេះនៅក្នុងឆ្នាំ២០២១ យើងមិនមានប្រាក់ច្រើនដូចខាងលើសម្រាប់ជួយដល់ពលរដ្ឋដែលប្រឈមនឹងគ្រោះអត់ឃ្លានឡើយ ដោយសារតែបណ្តាប្រទេសនានាកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។
ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺ អាហ្វ្រិក និងប្រទេសមួយចំនួនទៀតដែលប្រឈមនឹងសង្គ្រាមស៊ីវិល អំពើហិង្សា ក្នុងសង្គមដែលជាហេតុធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀត៕ដោយ៖ធី រីណា
រូបថត៖RT