ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីអគ្គិភ័យឆាបឆេះនៅឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុខូចខាតអស់ផ្ទះចំនួន ៣ខ្នង ឆេះម៉ូតូ៤គ្រឿង រថយន្ត១គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មកទល់នឹងម៉ោង ២និង ៤០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ អគ្គិភ័យដែលបានឆាបឆេះ ស្ថិតនៅចំណុចភូមិពីរ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរលត់ស្ទើរទាំងស្រុង ប៉ុន្តែនៅមានផ្សែងនឹងភ្លើងបន្តិចបន្តួច សមត្ថកិច្ចកំពុងតែបន្តបាញ់ពន្លត់។

លោក ថៃ គឹមសាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលកំពុងចុះប្រតិបត្តិការជួយអន្តរាគមន៍ ជាមួយអាជ្ញាធរខេត្តនិងសមត្ថកិច្ច បានបញ្ជាក់ជាបឋមថា ៖ ចំពោះករណីឆេះនេះ មិនទាន់ដឹងពីមូលហេតុបណ្ដាលមកពីអ្វីឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា ៖ មុនដំបូងគឺផ្ដើមឆេះពីផ្ទះលក់ប្រេងសាំង ក្រោយមកទៀតក៏បណ្ដាលឱ្យរាលដាលប៉ះទៅលើផ្ទះរបស់បងប្អូនរបស់គាត់ដែលនៅក្បែរនោះ នឹងផ្ទះអ្នកជិតខាងដែលមានទីតាំងផ្សារដែកនោះផងដែរ។

លោកបន្តថា ៖ ផ្ទះដែលលក់សាំង ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះទាំងស្រុង  ចំណែកផ្ទះពីរ ទៀត ខូចខាតមួយចំនួនធំផងដែរ។

មកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់ធ្វើការវាយតម្លៃ ទៅលើការខូចខាតសម្ភារទ្រព្យសម្បត្តិ ដែលបណ្ដាលមកពីអគ្គិភ័យឆាបឆេះនេះ មានចំនួនប៉ុន្មានពិតប្រាកដនៅឡើយទេ។ 

សមត្ថកិច្ចនិងអាជ្ញាធរ ប្រជាពលរដ្ឋ ក៏បានជួយអន្តរាគមន៍ យករថយន្តក៏ដូចជាសម្ភារមួយចំនួន ចេញពីកន្លែងជិតផ្ទះកើតហេតុ។ ជាបឋមសមត្ថកិច្ចបានបញ្ជាក់ថា មានរថយន្តចំនួន ១គ្រឿងត្រូវបានឆេះ និងម៉ូតូ ៤គ្រឿងទៀតឆេះខូចខាតទាំងស្រុង៕

ដោយ៖ សិលា


ចែករំលែក៖