ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រាយការណ៍នារសៀលថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូឆ្នាំ២០២០ នេះថា ពួកគាត់បានបាត់សត្វពាហនៈ(ក្របី)ចំនួន៥ក្បាល ប៉ុន្តែបានប្រទះឃើញចំនួន១ក្បាលហើយ ដោយគេវះយកភ្លៅ២ទៅបាត់ពីខ្លួនចេញកូនមកក្រៅយ៉ាងសង្វេគ ប៉ុន្តែនៅក្បែរខ្មោចសត្វក្របីនោះមានទូរស័ព្ទចំនួន២គ្រឿង ក្នុងទូរស័ព្ទមានរូបភាពមន្រ្តីបរិស្ថាន នៅបាត់ចំនួន៤ក្បាលទៀតកំពុងសង្ស័យអាចគេដឹកឡើងរថយន្ត ទោះជាយ៉ាងណាក្ដីពួកគាត់បានដាក់ពាក្យបណ្ដឹងរួមទាំងវត្ថុតាងទូរស័ព្ទ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំដើម្បីជួយអន្ដរាគមរួចរាល់ហើយ តែដូចជាមានការយឺតយ៉ាវបន្តិច ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា ការប្រទះឃើញសត្វក្របីដែលគេវះយកភ្លៅ និងបន្សល់នូវទូរស័ព្ទរ២គ្រឿងនេះ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងព្រៃក្បែរផ្លូវចូលបន្ទាយយោធា(អភិវឌ្ឍន៍)នៃកងពលតូចអន្តរាគមលេខ១៤ ត្រង់ចំណុចអូរសូដា ស្ថិតនៅភូមិភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក វរសេនីយ៍ឯក ឯម រុន អធិការនៃដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះថា បាននឹងកំពុងចាត់ចែងកម្លាំងចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ។
ពាក់ព័ន្ធករណីសម្លាប់សត្វពាហនៈ(ក្របី)១ក្បាលខាងលើ ដោយមានទូរស័ព្ទរដៃមានរូបភាពជាប់ពាក់ព័ន្ធមន្រ្តីបរិស្ថាននេះ សូមមិត្តអ្នកអានរង់ចាំការស្រាវជ្រាវរបស់សមត្ថកិច្ចទាំងអស់គ្នា ៕
ដោយ៖បុឹម ពិន