ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកបានទៅហាង Zendo ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ ខណៈពីរនាក់បងប្អូនកើតកូវីដ-១៩ បានទៅហាង Zendo សាខាបឹងកេងកង ព្រលប់ថ្ងៃទី២៧ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញសារព័ត៌មាន សូមអំពាវនាវដល់ភ្ញៀវទាំងឡាយណាដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zendo សាខាបឹងកេងកង នៅអំឡុងចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៩យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីស្វែងរកមេរោគកូវីដ-១៩។

សូមជម្រាបថា៖ ពីរនាក់បងប្អូនបង្កើតនឹងគ្នា ម្នាក់ធ្វើការនៅធនាគារកាថេ និងម្នាក់ធ្វើការនៅធនាគារចិន ដែលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នោះបានទៅទិញខោអាវនៅហាង Zendo តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង រាជធានីភ្នំពេញ) កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ពីរនាក់បងប្អូនបង្កើតនឹងគ្នានោះ
ទី១-ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន (Bank of China) នៅអគារកាណាឌីយ៉ា ។
និងទី-ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន៧នាក់ផងដែរ។
តាមរយៈវីដេអូដែលបានបង្ហាញពីកាមេរ៉ាសុវត្ថិភាព គឺបង្ហាញឲ្យឃើញថា ឈ្មោះ ឡាយ សេងលី និងឈ្មោះ ឡាយ សេងលីន ពេលកំពុងដើរមើលសម្លៀកបំពាក់នោះ មិនបានពាក់ម៉ាស់នោះទេ ដូច្នេះហើយជាក្ដីព្រួយបារម្ភ សម្រាប់អ្នកដែលបានចូលទៅហាង Zendo អំឡុងពេលដូចគ្នានេះ។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាលក៏បាន បង្ហាញពីឈ្មោះ និងរូបបុគ្គល២នាក់ ដែលជាប្រភពនៃការចម្លងមេរោគកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺឈ្មោះ ឆែម សុនីតា និងឈ្មោះ តាំង សេវិនអាប់ ត្រូវបានក្រសួងសុខាភិបាលបង្ហាញរូបភាពហើយក្រសួងបានអំពាវនាវដល់អ្នកប៉ះពាល់ពួកគេ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់៕

ដោយ៖ សិលា


ចែករំលែក៖