ខេត្តស្វាយរៀង៖ លោកណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងបានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារមិនឱ្យមានជំងឺឆ្លង ពិសេសការពារជំងឺឆ្លងកូវីដ-១៩ នៅរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងក្រុងស្វាយរៀង។
ការចុះបាញ់ថ្នាំសម្លាប់មេរោគនេះមានការចូលរួមពីសំណាក់លោក ជា សុវណ្ណមករា ប្រធានក្រុមហ៊ុន Easy Pest Control-EPC លោក លោកស្រីអភិបាលរងក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង និងមន្ត្រីរាជការសាលាក្រុងជាច្រើននាក់ផងដែរ។
លោក ណុប ចំរេីន បានឱ្យដឹងថាក្រុមការងារបានចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារការឆ្លងជំងឺផ្សេងៗ ពិសេសការពារជំងឺឆ្លងកូវីដ-១៩ នៅក្នុងក្រុងមានអគារ និងបរិវេណសាលាក្រុងស្វាយរៀង ការិយាល័យច្រកចេញចូលតែមួយ សួនកុមារ ផ្សារពោធិតាហោ និងផ្សារវាលយន្ត ។
លោកបន្តថា ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង សំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សាអនាម័យ ជាពិសេសចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕
ដោយ៖យឹម សុថាន