ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កមកលេងផ្ទះឃើញធុងទឹកកកគេទុកខាងមុខផ្ទះនាំគ្នាលើកដាក់រ៉ឺម៉កចៃដន្យម្ចាស់ផ្ទះឃើញទាន់ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់នាំគ្នាបើករ៉ឺម៉កដឹកគ្នាក្នុងគោលបំណងមកលេងផ្ទះនៅស្រុកកំណើតទាំងយប់កណ្ដាលអធ្រាត្រ ហើយចៃដន្យឃើញធុងទឹកកករបស់គេទុកនៅខាងមុខផ្ទះក៏នាំគ្នាលើកដាក់លើរ៉ឺម៉ករួចព្យាយាមបើករត់គេចខ្លួន តែសំណាងអាក្រក់ម្ចាស់ផ្ទះឃើញទាន់ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២៤ និង៥០នាទី ស្ថិតក្នុងភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ តៃ សាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្រ្កង ឃុំព្រះស្រែ ស្រុកឧដុង្កខេត្តកំពង់ស្ពឺ, ទី២-ឈ្មោះ មួន ម៉ូរ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងទី៣-ឈ្មោះ កែវ គង្គា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ 

ចំណែកជនរងគ្រោះឈ្មោះ រស់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យកមានធុងទឹកកកពណ៌ក្រហម ចំនួន១ និងម៉ូតូម៉ាកWave ពណ៌ក្រហម គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក។ 

   ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ តៃ សាវុធ បានបបួលជនសង្ស័យឈ្មោះ មួន ម៉ូរ៉ាន់ និង ឈ្មោះ កែវ គង្គា ជិះម៉ូតូម៉ាកWave សណ្តោងរឺុម៉កពីភ្នំពេញកាត់តាមផ្សារព្រែកព្នៅ ក្នុងគោលបំណងទៅលេងផ្ទះនៅស្រុកកំណើតរបស់ខ្លួន នៅភូមិអង្រ្កង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។  លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ​ ក៏បានឃើញធុងទឹកកកគេដាក់ទុកនៅខាងមុខផ្ទះក៏ឈប់ម៉ូតូនាំគ្នាចុះទៅលើកធុងទឹកកកដាក់លើរ៉ឺម៉ក រួចបើកតាមផ្លូវក្រាលកៅស៊ូចេញមក ខណ:នោះជនរងគ្រោះបានឮសំឡេងឆ្កែព្រុស បានបើកទ្វារចេញមកស្រាប់តែបាត់ធុងទឹកកក ហើយឃើញជនសង្ស័យកំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកធុងទឹកកករបស់ខ្លួនក៏បានរាយការណ៍ប្តឹងនគរបាលប៉ុស្តិ៍ជ្រៃលាស់ ចេញពួនស្ទាក់តាមផ្លូវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ដោយ៖ស្អាងជ័យ


ចែករំលែក៖