ភ្នាក់ងាររបស់លោក Mino Raiola បាននិយាយថា Paul Pogba មិនសប្បាយចិត្តលេងនៅក្លិបបិសាចក្រហម Manchester United ទេ ហើយត្រូវផ្លាស់ប្តូរក្រុមផ្សេងក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ ធ្នូនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះនៅក្លិបបិសាចក្រហមនឹងបន្តរហូតដល់ខែមិថុនាឆ្នាំ២០២២។ ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ៨ដងប៉ុណ្ណោះនៅ Premier League រដូវកាលនេះដោយរកបានគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះកាលពីថ្ងៃសៅរ៍ពេលប្រកួតជាមួយក្រុម West Ham។
ភ្នាក់ងាររបស់ Pogba លោក Raiola បាននិយាយថា “Pogbaមិនសប្បាយចិត្តទេ គាត់លែងអាចបង្ហាញពីអារម្មណ៍របស់គាត់ដូចអ្វីដែលគាត់ចង់បាននិងរំពឹងដូចមុនហើយ។ គាត់ត្រូវតែផ្លាស់ប្តូរក្រុមដែលគាត់កំពុងលេង។ គាត់មានកិច្ចសន្យាដែលនឹងផុតកំណត់ក្នុងរយៈពេលមួយឆ្នាំកន្លះប៉ុន្តែខ្ញុំគិតថាដំណោះស្រាយល្អបំផុតសម្រាប់ភាគីទាំងអស់គឺលក់គាត់នៅទីផ្សារបន្ទាប់ គាត់មិនមានចេតនាចង់បន្តកិច្ចសន្យារបស់គាត់ទៀតនោះទេ”។
គួរបញ្ជាក់ថា ខ្សែបម្រើ Pogba ដែលបានចូលរួមជាមួយក្រុមបិសាចក្រហមពីក្លិប Juventus ក្នុងតម្លៃ៨៩លានផោនកាលពីឆ្នាំ២០១៦ មិនបានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះការចង់លេងឲ្យ ក្លិប Real Madrid ឡើយ។កីឡាកររូបនេះបង្ហាញខ្លួនបានតែ២២ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុនដោយសារបញ្ហារបួសកជើង ៕ដោយ៖ភារៈ