ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ ÷ រឿង អាឡេវ(ភាគ១)

ចែករំលែក៖

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។ កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្ដាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្ដាយ ឪពុក​ថា «ម៉ែ​អើយ! ឪ​អើយ! ឥឡូវ​នេះ យើង​គ្មាន​របរ​ធ្វើ​ការ​រក​ស៊ី​អ្វី​នឹង​គេ​បាន​ជា​យើង​ក្រ បើ​ដូច្នេះ ខែ​វស្សា​យើង​ធ្វើ​ស្រែ ខែ​ប្រាំង​យើង​ទៅ​ធ្វើ​ចម្ការ ឯ​ខ្ញុំ​ទៅ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ឪ​ឯង បើ​យើង​អត់​ស្លា​ម្លូ​អង្ករ​ម្ហូប​ចំណី​អ្វី សឹម​ខ្ញុំ​មក​រក​យក​ពី​ផ្ទះ​នេះ ទៅ​ស៊ី» ។ អាឡេវ​និង​ឪពុក​ម្ដាយ គិត​គ្នា​ព្រម​ហើយ ក៏​រៀប​ប្រដាប់​ប្រដា​ឡើង​ទៅ​ធ្វើ​ស្រែ ។ លុះ​នៅ​ស្រែ​យូរ​ទៅ អាឡេវ​នឹក​ចង់​ស៊ី​នំ ហើយ​វា​គិត​ថា «បើ​ដូច្នេះ​អញ​នឹង​បញ្ឆោត​ម៉ែ​ឪ​អញ​យក​នំ​ស៊ី» គិត​ហើយ​ប្រាប់​ឪពុក​វា​ថា «ឪ​ៗ! ខ្ញុំ​ទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​ស៊ី» ។ ឪពុក​ក៏​ឲ្យ​កូន​ទៅ​ផ្ទះ ។ អាឡេវ ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​បាន​ឃើញ​វត្ត​លោក ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​រក​លោក​កោរ​សក់​ឲ្យ, លុះ​កោរ​រួច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ ។ លុះ​ទៅ​ដល់​ជិត​ផ្ទះ អាឡេវ មក​សំពត់​ទទូរ​ក្បាល​ហើយ​ធ្វើ​ជា​យំ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ ឯ​ម្ដាយ​ឃើញ​កូន​យំ​ដូច្នោះ ក៏​សួរ​ទៅ​កូន​ថា «ថ្វី​ក៏​កូន​យំ?» ។ អាឡេវ ធ្វើ​ជា​យំ​ខ្លាំង​ឡើង​ទៀត ។ ម្ដាយ​ឃើញ​កូន​រឹត​តែ​យំ​ខ្លាំង​ឡើង​ដូច្នោះ ក៏​ស្ទុះ​ទៅ​ឱប ហើយ​បើក​សំពត់​អំពី​ក្បាល​កូន​ចេញ ឃើញ​ក្បាល​កោរ​រលីង រឹត​តែ​សង្ស័យ ហើយ​សួរ​ទៀត​ថា «ហេតុ​អ្វី​ ក៏​បាន​ជា​កោរ​សក់​ហើយ​យំ​ដូច្នេះ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ឪ​គាត់​ស្លាប់​ហើយ!» ។ នាង​ង៉ោះ លុះ​ឮ​កូន​ថា​ដូច្នោះ ក៏​គក់​ទ្រូង​ស្រែក​ទួញ​យំ​អាឡោះ​អាល័យ រៀប​រាប់​ពី​កាល​ចាប់​ដៃ​គ្នា​បាន​ជា​ប្ដី​ប្រពន្ធ​រៀង​រាប​ដរាប​មក ។ អាឡេវ ឃើញ​ម្ដាយ​យំ​សង្រេង​សង្រៃ​ដូច្នោះ ក៏​អង្វរ​លួង​លោម​ម្ដាយ​ថា «អ្នក​ម៉ែ​អើយ! អ្នក​កុំ​យំ! បើ​អ្នក​ចេះ​តែ​យំ តើ​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ធ្វើ​បុណ្យ​ទាន​បញ្ជូន​ទៅ​ឲ្យ​ឪ!» ។ នាង​ង៉ោះ​ជា​ម្ដាយ ឮ​អាឡេវ​ឃាត់​មិន​ឲ្យ​យំ ហើយ​សួរ​ទៅ​អាឡេវ​ថា «បាន​រៀប​បញ្ចុះ​ខ្មោច​ឪ​ឯង​រួច​ហើយ​ឬ​នៅ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ខ្ញុំ​បាន​ពឹង​អ្នក​ស្រុក ឲ្យ​គេ​ជួយ​រៀប​បញ្ចុះ​ខ្មោច​ឪ​រួច​ល្អ​ល្អិត​ហើយ» ។ នាង​ង៉ោះ​ឮ​កូន​ថា​ដូច្នោះ ក៏​ម្នីម្នា​រៀប​ធ្វើ​អន្សម​នំ​គម​ចំណី​ចំណុក ហើយ​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! ឯង​យក​នំ​ចំណី​នេះ ទៅ​ធ្វើ​បុណ្យ​​ឲ្យ​ឪ​ឯង​ចុះ! អញ​មិន​ទៅ​ទេ, បើ​អញ​ទៅ​ឃើញ​ស្រែ​ដែល​ឪ​ឯង​ធ្វើ កន្លែង​ដែល​ឪ​ឯង​ទៅ និង​ផ្នូរ​ខ្មោច​ឪ​ឯង​នោះ ម្ដាយ​រឹត​ជា​កើត​ទុក្ខ​ច្រើន​ឡើង​ទៀត បើ​ដូច្នោះ ឯង​ទៅ​ចុះ» ។ អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ត្បិត​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​កុហក​ម្ដាយ​នោះ ហើយ​ក៏​ម្នីម្នា​រៀប​សង្រែក រួច​ហើយ​ក៏​រែក​ទៅ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ដាក់​អម្រែក​ពី​លើ​ស្មា ហើយ​អង្គុយ​ស៊ី​នំ​និង​ចំណី​ចំណុក​លុះ​ត្រា​តែ​ឆ្អែត នៅ​សល់​ខ្លះ អាឡេវ​រៀប​ទុក​យក​ទៅ​ផ្ញើ​ឪ​វា ។ លុះ​ទៅ​ដល់​ជិត​ខ្ទម​ឪ​វា​ៗ ធ្វើ​ជា​យំ​ទៀត ។ អ្នក​ង៉េះ​ជា​ឪពុក​ ឃើញ​កូន​យំ ហើយ​សក់​ទើប​នឹង​កោរ​ថ្មីៗ ដូច្នេះ ក៏​សួរ​ទៅ​ថា «កូន​អើយ! ថ្វី​ក៏​ឯង​យំ ហើយ​កោរ​ទាំង​សក់​ក្បាល​ដូច្នេះ» ។ អាឡេវ​ប្រាប់​ឪពុក​ថា «ឪ​អើយ! ឥឡូវ​នេះ ម៉ែ​គាត់​ស្លាប់​ទៅ​ហើយ បាន​ជា​ខ្ញុំ​កោរសក់, អស់​បង​ប្អូន​គេ​រៀប​ធ្វើ​បុណ្យ​ឲ្យ​ម៉ែ បាន​ជា​មាន​ទាំង​នំ ឥឡូវ​នេះ ខ្ញុំ​យក​មក​ផ្ញើ​ឪ​ពិសា!» ។ ឯ​ឪពុក​ជា​មនុស្ស​ឆោត​ល្ងង់​ណាស់ ឮ​កូន​ប្រាប់​ដូច្នោះ ក៏​យំ​អាណិត​ប្រពន្ធ ហើយ​ក៏​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! អំពី​ថ្ងៃ​នេះ​ទៅ ឪពុក​លែង​ទៅ​ទន្លេ​ទៀត​ហើយ» ។ អាឡេវ​ឮ​ថា​ឪពុក​លែង​ទៅ​ស្រុក​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ព្រោះ​ត្រូវ​នឹង​គំនិត​ខ្លួន​គិត ។

លុះ​យូរ​បន្តិច​ទៅ អាឡេវ​និយាយ​នឹង​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អើយ! ឥឡូវ​នេះ ឪ​នៅ​តែ​ពីរ​នាក់​នឹង​ខ្ញុំ ដូច​សព្វ​ថ្ងៃ​នេះ លំបាក​ណាស់, គ្មាន​អ្នក​ណា​នឹង​ដណ្ដាំ​បាយ​ស៊ី គ្មាន​អ្នក​ណា​នឹង​ដេរ​សំពត់​អាវ​ស្លៀក​ដណ្ដប់, បើ​ដូច្នោះ ឪ​ឯង​រក​ដណ្ដឹង​ប្រពន្ធ​យក​មក គ្រាន់​នឹង​ដាំ​បាយ ដង​ទឹក បុក​ស្រូវ ទើប​យើង​មិន​សូវ​នឿយ​ហត់​ដូច​សព្វ​ថ្ងៃ​ពេក» ។ អ្នក​ង៉េះ​ជា​ឪពុក ឆ្លើយ​ឡើង​ថា «កូន​អើយ! ម្ដាយ​ឯង​ស្លាប់​ទៅ ពុំ​ទាន់​បាន​មួយ​ខែ​ទេ, ឥឡូវ​នេះ ឯង​ឲ្យ​ឪ​យក​ប្រពន្ធ​ទៀត កូន​មិន​អាណិត​ម៉ែ​ឯង​ទេ? ឬ​មួយ​ទៀត​ឪ​ខ្មាស​គេ ក្រែង​គេ​ថា​ប្រពន្ធ​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ប្ដី​គិត​រក​ប្រពន្ធ​ថ្មី ឪ​ខ្មាស​គេ​ណាស់​មិន​យក​ប្រពន្ធ​ទៀត​ទេ» ។ អាឡេវ​ចេះ​តែ​អង្វរ​ឪពុក​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​អាឡេវ​ឃើញ​ឪពុក​មក​ពី​ស្រែ​នឿយ​ហត់​ណាស់ វា​ក៏​និយាយ​ថា «ឪ​អើយ! ឥឡូវ​នេះ ឪ​ឯង​នឿយ​ណាស់ ព្រោះ​គ្មាន​ប្រពន្ធ​នឹង​ជួយ​កម្លាំង មួយ​ទៀត ពាក្យ​បុរាណ​លោក​ថា មនុស្ស​គ្មាន​ប្រពន្ធ​ដូច​ជា​ឪ​ឯង​នេះ បើ​ទៅ​ធ្វើ​ការ​ឯ​ព្រៃ បាត់​ការ​ឯ​ផ្ទះ ធ្វើ​ការ​ផ្ទះ បាត់​ការ​ឯ​ព្រៃ, ធ្វើ​ដូច​ម្ដេច នឹង​បាន​ប្រាក់​ចាយ​បាយ​ស៊ី​នឹង​គេ ហើយ​ខ្លួន​ក៏​នឿយ​ណាស់​ផង» ។ អ្នក​ង៉េះ​ឮ​កូនអង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ថា «បាន​នរណា​គេ​ទៅ​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ឪ? ។ អាឡេវ​ឆ្លើយ​ឡើង​ថា «ឪ​កុំ​ព្រួយ សឹម​ខ្ញុំ​ទៅ​រក​ដណ្ដឹង​ជូន ឪ​នៅ​ចាំ​តែ​រៀប​របស់​នឹង​ទៅ​ការ​ចុះ» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​កូន​ថា ដូច្នោះ ក៏​ថា «តាម​តែ​កូន​គិត​ចុះ!» ។ អាឡេវ​ឮ​ឪពុក​ព្រម​ដូច្នោះ​ហើយ ក៏​រៀប​ខ្លួន​ម្នីម្នា​ទៅ​ផ្ទះ​នាង​ង៉ោះ​ជា​ម្ដាយ នៅ​បាន​ពីរ​បី​ថ្ងៃ ទើប​វា​និយាយ​នឹង​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ម៉ែ​អើយ! យើង​នៅ​តែ​ពីរ​នាក់, ខ្ញុំ​ក៏​ក្មេង មិន​ចេះ​រក​ស៊ី​ធ្វើ​ការ ម៉ែ​ជា​ស្រី​ហើយ​មេ​ម៉ាយ​ផង ឥឡូវ​មាន​គេ​ចង់​បាន​ម៉ែ​ៗ យក​ប្ដី​ទៅ គ្រាន់​គេ​នឹង​ចិញ្ចឹម សោះ​អត់​ឃ្លាន, យើង​ក៏​មិន​សូវ​លំបាក» ។ ឯ​នាង​ង៉ោះ​ឮ​អាឡេវ​ជា​កូន​ថា​ដូច្នោះ ក៏​ឆ្លើយ​ថា «កូន​អើយ! ឪ​ឯង​ទើប​តែង​នឹង​ស្លាប់​បាន ៥-៦ ថ្ងៃ ឥឡូវ​នេះ កូន​ឲ្យ​ម្ដាយ​យក​ប្ដី​ទៀត​ដូច្នេះ មិន​ត្រូវ​ទេ អ្នក​ផង​គេ​នឹង​សើច​តិះ​ដៀល​និន្ទា​ថា «ស្រី​ចើក​អាស ប្ដី​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ចង់​បាន​ប្ដី​ទៀត» ។ អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «ម៉ែ​អើយ! បើ​ទុក​ជា​ម៉ែ​ខ្លាច​ពាក្យ​អ្នក​ផង​គេ​និន្ទា​ដូច្នោះ គេ​ក៏​មិន​បាន​មក​រក​ចិញ្ចឹម​យើង​ដែរ គេ​បាន​ប្រាក់​កាស គេ​មិន​ឲ្យ​ចាយ​ទេ កាល​ខ្ញុំ​នៅ​ឯ​ស្រែ មាន​ប្រុស​ម្នាក់ មុខ​មាត់​ខ្លួន​ប្រាណ​ដូច​ខ្មោច​ឪ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​ដូច​ជា​កូន​គាត់ សួរ​ខ្ញុំ​ថា «ឯង​មាន​ម៉ែ​ឪ​ដែរ​ឬ​ទេ? ខ្ញុំ​ប្រាប់​គាត់​ថា «គ្មាន​ឪ​ទេ មាន​តែ​ម៉ែ ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា «ចង់​បាន​ម៉ែ​ជា​ប្រពន្ធ តើ​ម៉ែ​ឯង​ព្រម​ដូច​ម្ដេច?» បើ​ម៉ែ​ព្រម​គាត់​នឹង​រៀប​រណ្ដាប់​មក​ចែចូវ មាន​អ្នក​ផ្លូវ​ចៅ​មហា មាន​ខាន់​ស្លា​ក្រយា​សំពេះ តាម​ច្បាប់​សណ្ដាប់​ប្រពៃ​ណី​ពី​បុរាណ​មក, បើ​ម៉ែ​មិន​ព្រម ខ្ញុំ​ក៏​មិន​ដឹង​ដែរ តាម​តែ​ម៉ែ​គិត ធ្វើ​ការ​រក​ស៊ី​ចុះ» ។ នាង​ង៉ោះ​ជា​ម្ដាយ ឮ​កូន​និយាយ​អង្វរ​ផ្ទញ់​ផ្ទាល់​ដូច្នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «តាម​តែ​កូន​គិត​ចុះ» ។ អាឡេវ ឮ​ម្ដាយ​ថា​តាម​តែ​ចិត្ត​ដូច្នោះ ក៏​អរ​ណាស់​គិត​ថា​«ពេល​នេះ អញ​បាន​នំ​ស៊ី​ទៀត​ហើយ» ហើយ​ក៏​រៀប​ចំ​ផ្ទះ​សម្បែង​រួច​ប្រាប់​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ត្បិត​គេ​ចង់​រៀប​ការ​ឆាប់ៗ ខ្ញុំ​លា​ម៉ែ​ទៅ​ស្រែ​ ដើម្បី​រក​មាន់​ទា​បន្លែ​បង្ការ ហើយ​នឹង​ប្រាប់​អ្នក​ដែល​ចង់​បាន​ម៉ែ​ជា​ប្រពន្ធ​នោះ​ផង ដើម្បី​ឲ្យ​គេ​រក​រណ្ដាប់​រៀប​ការ» ។ អាឡេវ ក៏​ម្នីម្នា​រៀប​ខ្លួន​ទៅ​ស្រែ ទៅ​ដល់​ហើយ ក៏​និយាយ​ប្រាប់​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អើយ! ខ្ញុំ​ទៅ​រក​ប្រពន្ធ​ឲ្យ​ឪ​បាន​ហើយ នាង​នោះ​មុខ​មាត់​សំដី​សំដៅ​កម្ពស់កំព​សម្បុរ​សំបក​ដូច​ម៉ែ​បេះ​បិទ ឥឡូវ​ខ្ញុំ​ឲ្យ​គាត់​នៅ​លើ​ផ្ទះ​យើង​ហើយ បើ​ដូច្នេះ​ឪ​រៀប​រណ្ដាប់​ទៅ​ការ​ឲ្យ​ឆាប់» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ប្រាប់​ថា​គេ​ឲ្យ​រៀប​ការ​ជា​ឆាប់​ដូច្នោះ ក៏​ម្នីម្នា​ពឹង​អ្នក​ស្រុក​ជិត​ខាង​ ឲ្យ​ជួយ​ធ្វើ​នំ​នែក​ចំណី​ចំណុក ហើយ​ខ្លួន​គាត់​ទៅ​រក​ទិញ​មាន់​ទា បន្លែ​បង្ការ​បាន​សព្វ​គ្រប់​មុខ ។ ឯ​អាឡេវ​ចេះ​តែ​ស៊ី​នំ​រាល់​ថ្ងៃ ហើយ​និយាយ​នឹង​ឪពុក​ថា ប្រពន្ធ​ដែល​ខ្ញុំ​ដណ្ដឹង​ឲ្យ​នោះ មេបា​បើក​ឲ្យ​រៀប​ការ​តែ​យប់ បើ​មិន​ព្រម​ដូច្នោះ មេបា​មិន​បើក​ឲ្យ​ការ​ទេ» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ថា​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់ តាម​តែ​ពាក្យ​អាឡេវ​បង្គាប់​ដូច​ម្ដេច ក៏​តាម​ទាំង​អស់ ទើប​រក​វេលា​ទៅ​រៀប​ការ​ឲ្យ​តែ​វេលា​យប់ ។ ពេល​ល្ងាច អ្នក​ង៉េះ​ក៏​ពឹង​អស់​បង​ប្អូន ដែល​នៅ​ជិត​ខាង ឲ្យ​ជួយ​ជញ្ជូន​អស់​បណ្ណាការ នាំ​ទៅ​រៀប​មង្គល​ការ ។ លុះ​ទៅ​ដល់​កន្លែង​ការ​ក៏​រៀប​ដណ្ដាំ​បាយ​ស្ល​ស្លុក អ្នក​ខ្លះ​ក៏​រៀប​ផ្លែ​ឈើ​ចំណី​ចំណុក​ទៅ​ជូន​មេបា​តាម​ទំនៀម ។ នាង​ង៉ោះ​ពឹង​អស់​បង​ប្អូន មក​រៀប​បណ្ណាការ​ទទួល​តាម​ច្បាប់ ។ ឯ​អាឡេវ គិត​តែ​ស៊ី​នំ​ឲ្យ​ឆ្អែត ។ នាង​ង៉ោះ​ឮ​មាត់​អ្នក​ង៉េះ នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា «មាត់​និយាយ​នោះ ដូច​ជា​សំឡេង​អ្នក​ង៉េះ​ប្តី​អញ» ។ អ្នក​ង៉េះ​ឮ​មាត់​នាង​ង៉ោះ​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ថា «សំឡេង​និយាយ​នោះ ដូច​ជា​សំឡេង​នាង​ង៉ោះ​ប្រពន្ធ​អញ» ។ អ្នក​ង៉េះ​សង្ស័យ​ណាស់ ក៏​ឡើង​ទៅ​លើ​ផ្ទះ ឃើញ​នាង​ង៉ោះ​ក៏​ថា «នាង​នេះ​ដូច​ជា​នាង​ង៉ោះ​ប្រពន្ធ​អញ » ។ ឯ​នាង​ង៉ោះ​ថា «អ្នក​នេះ ដូច​ជា​អ្នក​ង៉េះ​ប្តី​អញ» ។ អស់​បង​ប្អូន​អ្នក​ស្រុក​គេ​ថា «អ្នក​ង៉េះ​ហើយ​ ថា​មិន​អ្នក​ង៉េះ នាង​ង៉ោះ​ហើយ​ថា​មិន​នាង​ង៉ោះ » ។ លុះ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ឃើញ​គ្នា​ជាក់​មែន​ទែន​ហើយ ទើប​ដឹង​ថា​អាឡេវ​វា​បញ្ឆោត​ ក៏​អៀន​រត់​ទៅ​ដោយ​ខ្លួន​ទីទៃៗ ។ អាឡេវ​ដឹង​ថា​ម្ដាយ​ឪពុក​ដឹង​ដូច្នោះ ក៏​វេះ​ពួន លុះ​ព្រឹក​ឡើង អាឡេវ​រត់​ទៅ​នៅ​វត្ត ធ្វើ​ជា​កូន​សិស្ស​លោក ។ ឯ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ក៏​នៅ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​ដើម​ទៅ ។ អាឡេវ​នៅ​រៀន​អក្សរ នឹង​លោក​គ្រូ​សង្គ្រាជ ។ លុះ​នៅ​យូរ​ទៅ អាឡេវ​គិត​ថា «អញ​នឹង​បញ្ឆោត​លោក​សង្ឃ​ណា​ដែល​មាន​ប្រាក់​ច្រើន យក​ទៅ​ឲ្យ​ម៉ែ​ឪ​អញ» ។ អាឡេវ​គិត​ដូច្នោះ​ហើយ​ក៏​ទៅ​និយាយ​នឹង​លោក​ភិក្ខុ​កំលោះ​មួយ​អង្គ ដែល​មាន​ប្រាក់​ច្រើន​ថា «មាន​ស្រី​ម្នាក់​ស្រឡាញ់​លោក​គ្រូ ស្រី​នោះ​ក្រមុំ​ល្អ​ល្អាច់​ណាស់» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ​អរ​ចង់​បាន ហើយ​និយាយ​នឹង​អាឡេវ​ថា «បើ​ប្រាកដ​ដូច​ឯង​ថា​មែន អញ​នឹង​ឲ្យ​ប្រាក់​ឯង​មួយ​បាទ» ។ អាឡេវ​ថា «ចាំ​ដល់​ពេល​យប់​ងងឹត លោក​គ្រូ​ទៅ​ចាំ​នៅ​កន្លែង​នោះ ខ្ញុំ​ករុណា​នឹង​នាំ​ស្រី​នោះ​មក» ហើយ​វា​លា​លោក​ចុះ​ពី​លើ​កុដិ ដើរ​តម្រង់​ទៅ​ផ្ទះ​ចិន គិត​ទៅ​និយាយ​បញ្ឆោត​ចិន​ទៀត លុះ​ទៅ​ដល់​ហើយ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ និយាយ​នឹង​ចិន​ថា «ចិក ៗ! ចង់​បាន​ស្រី​ក្រមុំ​ល្អ​ដែរ​ឬ​ទេ?» ។ ចិន​ឆ្លើយ​ថា «អើ​អញ​ចង់​បាន» ។ អាឡេវ​ថា «បើ​ចិក​ចង់​បាន តើ​ឲ្យ​ប្រាក់​អញ​ប៉ុន្មាន?» ។ ចិន​ថា «អញ​ឲ្យ​មួយ​បាត» ។ អាឡេវ​ថា «តិច​ណាស់ បើ​ឲ្យ​ពីរ​បាទ​នោះ​អញ​រក​ស្រី​ក្រមុំ​ស​ៗ​ល្អ​ៗ ឲ្យ​ចិក​ឯង» ។ ចិន​ថា «អើ!» ។ អាឡេវ​ថា «បើ​ដូច្នោះ​ចាំ​ពេល​យប់​ងងឹត អញ​នឹង​នាំ​មក​ឲ្យ​ចិក​ឯង» ហើយ​អាឡេវ​ក៏​ត្រឡប់​ទៅ​វត្ត​វិញ​លុះ​ដល់​វេលា​យប់​ងងឹត​មើល​គ្នា​មិន​ស្គាល់ វា​ក៏​នាំ​លោក​នោះ ឲ្យ​ទៅ​អង្គុយ​ចាំ​ក្នុង​រោង​មួយ​ស្ងាត់ ហើយ​វា​និយាយ​ផ្កាំ​លោក​ថា «បើ​ខ្ញុំ​ករុណា​នាំ​ស្រី​នោះ​មក​ដល់ លោក​យក​ចីពរ​ទទូរ​ព្រះកេស​ឲ្យ​ជិត» ។ អាឡេវ​ផ្ដាំ​លោក​នោះ​រួច​ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន ហៅ​ចិន​នោះ​ចេញ​មក ហើយ​និយាយ «ឥឡូវ​អញ​រក​ស្រី​ក្រមុំ ឲ្យ​ចិក​ឯង​បាន​ហើយ» ។ អាឡេវ​វា​ផ្ដាំ​ចិន​ថា «បើ​ចិក​ឯង​ចូល​ទៅ​ដេក​នឹង​ស្រី​នោះ​ ត្រូវ​ទទូរ​ក្បាល​ឲ្យ​ជិត» ទើប​នាំ​ចិក​នោះ​ទៅ​រៀប​រោង​ដែល​លោក​នៅ​ចាំ ហើយ​វា​ខ្សឹប​ប្រាប់​ចិន​ថា «ស្រី​នៅ​ក្នុង​នេះ​ហើយ ឲ្យ​ប្រាក់​មក​» ។ ចិន​មើល​ទៅ​ក្នុង​រោង​ឃើញ​លោក​អង្គុយ​ទទូរ​ចីពរ​នៅ​នោះ គិត​ស្មាន​ថា​ជា​ស្រី​មែន ក៏​ឲ្យ​ប្រាក់​ទៅ​អាឡេវ ។ អា​ឡេវ​បាន​ប្រាក់​ហើយ ក៏​វេះ​ជា​ប្រញាប់​ត្រឡប់​ទៅ​វត្ត​វិញ ។ លុះ​ចិន​និង​លោក​បាន​ជួប​គ្នា​ហើយ ចិន​គិត​ថា «លោក​ជា​ស្រី» លោក​ក៏​គិត​ថា ចិន​ជា​ស្រី​ក៏​ប្រចាប់​គ្នា​ផ្ដួល ដោយ​លោក​អត់​ចង្ហាន់​ល្ងាច​មិន​មាន​កម្លាំង​ក៏​ដួល​ដេក​ទៅ ។ ចិន​ពាល់​ត្រូវ​ស្វាស​លោក ក៏​ដឹង​ថា​អាឡេវ​កុហក ។ ទាំង​លោក​ទាំង​ចិន លុះ​ដឹង​ថា​អាឡេវ​បញ្ឆោត​ក៏​អៀន​ទៅ​កុដិ ទៅ​ផ្ទះ​ដោយ​ខ្លួន​ៗ​ទៅ ។ អាឡេវ​នៅ​ចាំ​លោក​ឯ​កុដិ លុះ​លោក​មក​ដល់​កុដិ​ហើយ វា​ក៏​ទារ​ប្រាក់​អំពី​លោក​ៗ​នោះ​ថា «អាឡេវ​ឯង​បញ្ឆោត​អញ ហើយ​ឯង​មក​ទារ​ប្រាក់​ពី​អញ​ទៀត អញ​មិន​ឲ្យ​ឯង​ទេ» ។ អាឡេវ​ថា «បើ​លោក​មិន​ឲ្យ​ប្រាក់​ទេ ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា «លោក​ទៅ​ដេក​នឹង​ស្រី» ហើយ​នឹង​ទៅ​ប្រាប់​អស់​ឧបាសក ទាយក អ្នក​ស្រុក ក្នុង​ភូមិ​ទាំង​អស់​ឲ្យ​គេ​ដឹង​ទៀត បើ​គេ​ដឹង​ហើយ គេ​មិន​ឲ្យ​បាយ​លោក​ឆាន់​ទេ ហើយ​លោក​ក៏​នឹង​ខ្មាស​គេ នៅ​វត្ត​ជា​មួយ​គេ​ពុំ​បាន» មួយ​ទៀត បើ​ខ្ញុំ​ករុណា​ទៅ​ដល់​ក្រុម​សង្ឃការី មុខ​ជា​គេ​មក​ចាប់​លោក​យក​ទៅ​ជំនុំ​ជម្រះ​ពិចារណា តាម​ដំណើរ​ដែល​លោក​ជួល​ខ្ញុំ​ករុណា​ឲ្យ​រក​ស្រី ហើយ​លោក​ថា ឲ្យ​បឲ្យប្រាក់ខ្ញុំករុណាមួយបាត ឥឡូវ​នេះ លោក​បាន​ដេក​នឹង​ស្រី​ហើយ លោក​គេច​ថា មិន​ឲ្យ​វិញ ខ្ញុំ​ករុណា​មិន​លែង​លោក​ទេ! មុខ​ជា​ទៅ​ពិត​លោក​គ្រូ​ធំ​ហើយ» ។ លោក​នោះ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ខ្លាំង​ណាស់ យក​ប្រាក់​មួយ​បាទតឲ្យទៅអាឡេវជាប្រញាប់ ។ អាឡេវ​មិន​ព្រម​ទទួល​យក​វា​ថា «កាល​លោក​និយាយ​នោះ​ថា ឲ្យ​ប្រាក់​មួយ​បាត្រ​ដែល​ឆាន់​បាយ​សព្វ​ថ្ងៃ ឥឡូវ ត្រូវ​លោក​យក​ប្រាក់​វាល់​ពេញ​បាត្រ​ទើប​ខ្ញុំ​ករុណា​ទទួល​យក» បើ​លោក​មិន​រក​ឲ្យ​ទេ នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេក​និង​ស្រី​ពី​យប់​មិញ​.. លោក​គ្រូ​ធំ​ជ្រាប​ហើយ នឹង​ចាប់​លោក​យក​ទៅ​វាយ​បណ្ដេញ​មិន​ឲ្យ​នៅ​ក្នុង​វត្ត​មួយ​ទៀត ខ្ញុំ​ករុណា​នឹង​ទៅ​ប្ដឹង​លោក​ឧកញ៉ា​ព្រះ​ស្ដេច​ជា​ធំ​ក្នុង​ក្រុម​សង្ឃការី ឲ្យ​មក​ចាប់​យក​ទៅ ពួក​សង្ឃ​ការី​នឹង​យក​សំពត់​បោក​ក្បាល​លោក​ផ្សឹក​ចេញ​ពី​សង្ឃ​ហើយ​ដាក់​ជា​ពលរាជនិមន្ត ពុំ​នោះ​សោត​គេ​នឹង​ដាក់​ជា​ពល​បោច​ស្មៅ​ដំរី» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភ័យ​ណាស់​អង្វរ​ថា «ចាំ​រក​ប្រាក់​ឲ្យ​កុំ​ទៅ​ពិត​លោក​គ្រូ​ធំ! និង​ទៅ​ប្ដឹង​ក្រុម​សង្ឃការី​ឡើយ» ហើយ​ខំ​រក​ប្រាក់​លក់​ទាំង​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ឲ្យ​អាឡេវ ។ អាឡេវ​ឃើញ​លោក​លក់​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ប្រាក់​ឲ្យ​ដូច្នោះ ក៏​និយាយ​នឹង​លោក​ថា «ណ្ហើយ​ចុះ! លោក​រក​ប្រាក់​ឲ្យ​ខ្ញុំ​ករុណា​ល្មម​តែ​ស្ពាយ​ទៅ​ផ្ទះ​រួច​បាន​ហើយ» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ រៀប​វេច​ប្រាក់​រួច​សម្ពាយ​ឲ្យ​អាឡេវ ហើយ​និយាយ​អង្វរ​ថា «កុំ​ឲ្យ​និយាយ​ប្រាប់​ឲ្យ​គេ​ដឹង, ដឹង​អាណិត​យក​តែ​បុណ្យ​ទៅ​ចុះ» ។ អាឡេវ​ថា «លោក​កុំ​ព្រួយ​ព្រះទ័យ ខ្ញុំ​ករុណា​មិន​ប្រាប់​គេ​ទេ» ហើយ​ទទួល​យក​ប្រាក់​ពី​លោក​ដើរ​ទៅ​ផ្ទះ ។

លុះ​ទៅ​ដល់​ផ្ទះ​ជួប​នឹង​ម្ដាយ អាឡេវ​ក៏​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ​ដេរ​ថង់​ៗ» ។ នាង​ងោះ​ឮ​ហើយ​សួរ​ទៅ​ថា «ដេរ​ធ្វើ​អ្វី?» ។ អាឡេវ​បង្ហាញ​ប្រាក់​ដែល​ស្ពាយ ។ នាង​ង៉ោះ​ជា​ម្ដាយ​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ​ដូច្នោះ ក៏​ស្ទះ​ទៅ​ប្រាប់​អ្នក​ង៉េះ​ជា​ប្ដី ។ អ្នក​ង៉េះ​មក​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ ក៏​បាត់​ខឹង​នឹង​អាឡេវ​ដែល​បញ្ឆោត​អំពី​មុន​នោះ អរ​នឹង​អាឡេវ​ទាំង​ម្ដាយ​ឪពុក ហើយ​អ្នក​ង៉េះ​សួរ​ទៅ​អាឡេវ​ថា «កូន​បាន​ប្រាក់​នេះ​ពី​ណា! កូន​ធ្វើ​ម្ដេច​បាន​ជា​បាន? ។ អាឡេវ​ប្រាប់​ឪពុក​វា​ថា «ក្រអី​សព្វ​បើ​ប្រាក់​ គ្រាន់​តែ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នកផ្សា​រមើល​គ្រប់​គ្នា ខ្លះខ្លះគេឲ្យមួយបាត ខ្ខ្លះពីរបាត តែ​រាល់​គ្នា​ដូច្នេះ​ទៅ ក៏​បាន​ច្រើន​ហើយ បើ​ឪ​ចង់​បាន​ប្រាក់​ច្រើន​ទៅ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សារ​មើល​ម្ដង​ម្នាក់​ទៅ ឪ​យក​ប្រាក់​មិន​អស់» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​អាឡេវ​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់​ក៏​ទៅ​ធ្វើ​តាម​ពាក្យ​អាឡេវ លុះ​ទៅដល់​ផ្សារ ក៏​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​គេ ហើយ​ស្រាត​ខោ​បង្ហាញ​កេរ្តិ៍​ខ្មាស ។ អ្នក​ផ្ទះ​ឃើញ​ដូច្នោះ ក៏​អៀន​ខ្មាស​បបួល​គ្នា​ដេញ​វាយ ។ អ្នក​ង៉េះ​ចេញ​ពី​ផ្ទះ​មួយ​ចូល​ចូល​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ហាញ​កេរ្តិ៍​ខ្មាស​គេ គេ​ដេញ​វាយ​ស្ទើរ​តែ​នឹង​ស្លាប់ អ្នក​ង៉េះ​ភ័យ​ក៏​រត់​ទៅ​ផ្ទះ ។ ឯ​អាឡេវ​ចាំ​មើល​ឪពុក​ពាក់​កណ្ដាល​ផ្លូវ ឃើញ​ឪពុក​រត់​មក​ពី​ផ្សារ ហើយ​ជួន​ជា​មាន​ជ្វា​ស្ពាយ​ទំនិញ​ព្រែ ហូល​ប្រអប់​ប្រាក់ មាស ជា​ច្រើន​មក​អំពី​ចម្ងាយ ក៏​ប្រាប់​ទៅ​អ្នក​ក៏​ប្រាប់​ទៅ​អ្នក​ង៉េះ​ជា​ឪពុក​ថា «ហ្ន​ឪ! អ្នក​ផ្សារ​គេ​តាម​មក​វាយ​ឪ​ហើយ បើ​ដូច្នោះ​ឪ​រត់​កាត់​វាល​នេះ​ទៅ​ទើប​រួច​ខ្លួន» ។ អ្នក​ង៉េះ​ឮ​កូន​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដើរ​អំពី​ចម្ងាយ​តម្រង់​មក​មែន គាត់​គិត​ស្មាន​ថា​ជា​អ្នក​ផ្សារ​គេ​តាម​មក​វាយ​ទៀត​ភ័យ​ដែល​ស្ពាយ​ទំនិញ នោះ ក៏​មក​ដល់ ។
(សូមរង់ចាំអានភាគបញ្ចប់នៅថ្ងៃស្អែក)


ចែករំលែក៖