ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបការលំបាកខ្វះកម្លាំងពលកម្មច្រូតកាត់ ចំនួន៤គ្រួសារ ស្ថិតក្នុងស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការណែនាំដល់បណ្តាអង្គភាពនីមួយៗ ឲ្យយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋតាមមូលដ្ឋានតំបនឈរជើងរបស់ខ្លួន និងស្របពេលនៃការប្រមូលផលស្រូវវស្សារបស់ប្រជាពលរដ្ឋផងនោះ កងកម្លាំងរបស់វរសេនាតូចថ្មើជើងលេខ៥១៣ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលមានការលំបាកខ្វះខាតកម្លាំងពលកម្ម ហើយស្រូវប្រជាពលរដ្ឋខ្លះមិនអាចច្រូត ម៉ាស៊ីនបាន ដោយហេតុរងការខូចខាតពីគ្រោះទឹកជំនន់នាពេលកន្លងទៅ គឺ ចាំបាច់ត្រូវកម្លាំងមនុស្សដើម្បីធ្វើការប្រមូលផលរបស់ពួកគាត់។
លោកវរសេនីយ៍ទោ បានបញ្ជាក់ឲ្យដឹងថាគឹតត្រឹមរយៈពេល១សប្តាហ៍ចុងក្រោយនេះកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានចុះច្រូតស្រូវប្រជាពលរដ្ឋសរុបចំនួន២៥ហិចតា។ លោកបន្តថា នេះជាវប្បធម៌ជួយគ្នាក្នុងគ្រាលំបាករវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺត្រូវតែផ្សាភ្ជាប់គ្នាជានិច្ចមិនអាចកាត់ផ្ដាច់បានឡើយ។ សមរភូមិមុខត្រូវការឧបត្ថម្ភពីសមរភូមិក្រោយ ចំណែកសមរភូមិក្រោយពេលជួបការលំបាកសមរភូមិមុខត្រូវតែចេះជួយសម្រាលទុក្ខលំបាកវិញផងដែរ។ ជាក់ស្ដែងរយៈពេលមួយព្រឹកថ្ងៃអង្គារនេះកងកម្លាំង បានជួយច្រូតស្រូវប្រជាពលរដ្ឋបានចំនួន៦ហិចតាបន្ថែមទៀត៕
ដោយ៖សិលា