ព័ត៌មានទាន់ហេតុការណ៍៖

មានមនុស្សចឹងដែរ! ស្ត្រីចំណាស់ម្នាក់ ដោះស្បែកជើងដេញវាយសន្តិសុខផ្សារ គ្រាន់តែរឿងប្រាប់ឱ្យពាក់ម៉ាស់

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងហួសហេតុមែនទែន សម្រាប់ស្ត្រីចំណាស់ម្នាក់ បានដោះស្បែកជើងដេញវាយសន្តិសុខផ្សារ ស្រែកជេរបញ្ចោរផ្អើលផ្សារច្បារអំពៅគ្រាន់តែសន្តិសុខយកម៉ាស់ឲ្យគាត់ពាក់មុនពេលដើរចូលផ្សារ ដើម្បីថែរក្សាសុខភាព និងការពារការរីករាលដាលឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។

ករណីខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ លោក សាន់ ប៊ុនណា បាននិយាយប្រាប់ថា ស្ត្រីរូបនេះ បានធ្វើដំណើរដោយថ្មើរជើងចូលមកផ្សារច្បារអំពៅ ដើម្បីទិញបន្លែ ប៉ុន្តែមិនបានពាក់ម៉ាស់។ ភ្លាមនោះក្រុមសន្តិសុខ បានឃើញក៏យកម៉ាស់ជូនគាត់ពាក់ស្រាប់តែស្ត្រីចំណាស់រូបនេះបានផ្ទុះកំហឹងរួចដោះស្បែកជើងដេញវាយមកសន្តិសុខ រួចជេរមកក្រុមសន្តិសុខថា « ពួកហ្អែងមើលងាយអ្នកក្រ»

លោក សាន់ ប៊ុនណា បន្តថា ដោយស្រ្តីរូបនេះមានកាយវិការមិនសមរម្យ បានធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងដើរក្នុងផ្សារមានការខឹងសម្បាយ៉ាងខ្លាំង ហើយនាំគ្នាដេញស្ត្រីខាងលើចេញពីផ្សារ ព្រោះខ្លាចទ្រាំកំហឹងមិនបាន

លោកប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានបញ្ជាក់ថា បើអ្នកណាមិនពាក់ម៉ាស់ទេ គឺដាច់ខាតមិនឲ្យចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ដល់មនុស្សគ្រប់ៗគ្នា៕

ដោយ៖សហការី


ចែករំលែក៖