អន្តរជាតិ៖ ទីបំផុត! រដ្ឋាភិបាលកាណាដា នៅថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០បានអនុញ្ញាតហើយលើការប្រើប្រាស់វ៉ាក់សាំង COVID-19 ដោយការចាក់វ៉ាក់សាំងដំបូង អាចនឹងត្រូវធ្វើឡើងនៅទូទាំងប្រទេស នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូឆ្នាំ២០២០ បានចុះផ្សាយថា ចំពោះការសម្រេចចិត្តខាងលើ បានធ្វើឱ្យកាណាដា ក្លាយជាប្រទេសទី៣ បន្ទាប់ពីចក្រភពអង់គ្លេស និងបារ៉ែន ដែលបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។
បើតាមលោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដាវ៉ាក់សាំង ៣០,០០០ដូស នឹងត្រូវដឹកមកដល់កាណាដានៅសប្ដាហ៍ក្រោយហើយវ៉ាក់សាំងជាច្រើនទៀត នឹងមកដល់តាមក្រោយ។
គួរជម្រាបថា កាលពីថ្ងៃអង្គារទី៨ ខែធ្នូថ្មីៗនេះ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេបំផុតក្នុងពិភពលោក ដែលចាប់ផ្ដើមចាក់វ៉ាក់សាំងCOVID-19 ជូនប្រជាជនខ្លួនជាផ្លូវការ។ ប៉ុន្តែក្នុងការចាក់វ៉ាក់សាំងថ្ងៃដំបូងនេះ មានមនុស្សពីរនាក់ធ្លាក់ខ្លួនឈឺ ប៉ុន្តែបានសះស្បើយវិញជាបណ្ដើរៗបន្ទាប់ពីពួកគេមានបញ្ហាប្រតិកម្មអាលែកហ្ស៊ី ដែលជាហេតុជំរុញឱ្យ អាជ្ញាធរនិយ័តករអង់គ្លេសព្រមានថា អ្នកមានប្រវត្តិ ឬមានបញ្ហាប្រតិកម្មអាលែកហ្ស៊ីមិនគួរទទួលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ឡើយ ក្នុងពេលបច្ចុប្បន្ន ដោយរង់ចាំរហូតដល់បញ្ហានេះ ត្រូវបានដោះស្រាយសិន៕ដោយ៖ស តារា