ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានហើយតែរត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការបង្ក្រាបបានភ្លាមៗក្រោយពីពួកគេធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីប្រជាពលរដ្ឋតាមដងផ្លូវរួចមក។ ករណីនេះបានកើតឡើងកាលពីម៉ោង១៧
និង០០នាទីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខតារាងបាល់ ផ្លូវលេខ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ សៀន គឹមសៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ទី២-ឈ្មោះ ផា ថុនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) និងទី៣-ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ១៦៥ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងឌុបគ្នា៣នាក់ឆក់យកទូរស័ព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស របស់ជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ដែលកំពុងធ្វើដំណើរតាមផ្លូវក្រោយមកកម្លាំងសមត្ថកិច្ចជំនាញស្ទាក់បង្ក្រាបនិងឃាត់ខ្លួនបានតែម្តង។
សម្ភារបាត់បង់ គ្មាន សម្ភារបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-4994 , ២-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ , ឆក់ទូរសព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖