ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនជាតិបរទេស៣នាក់ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០នេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ វ័ង ចុងអ៉ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន(អ្នកទេសចរ)ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។ ទី២-ឈ្មោះ ជីង អ៉ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន(អ្នកទេសចរ)ស្នាក់នៅផ្ទះជួលផ្លូវលេខ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(មានសារធាតុញៀន) និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(អ្នកទេសចរ)ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១(មានសារធាតុញៀន)។
សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីបានចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅមុខផ្សារថៃហួត ផ្លូវលេខ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន៖ រថយន្ត១គ្រឿងម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-6666 និងកាំភ្លើងខ្លី ១ដើមម៉ាកឡុក១៧ ពណ៌ខ្មៅ លេខ0406 (បង់១ និងគ្រាប់ចំនួន ៨គ្រាប់)៕ជ្រោយពេជ្រ