ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងយកកាំបិតខ្វែវកាប់លើបុរសម្នាក់រងរបួសយ៉ាងដំណំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់បានផឹកស្រាស្រវឹងស្រែកឡូឡានៅក្នុងផ្ទះគេ ហើយពេលម្ចាស់ផ្ទះឃាត់និងដេញឲ្យចេញពីផ្ទះ ក៏កើតចិត្តខឹងបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះ​បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨និង៤០នាទីត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនសង្ស័យឈ្មោះសំអូន រ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ណូត នាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប​។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកវត្ថុតាងចាប់យកមានកាំបិតខ្វែវចំនួន១ ដងធ្វើអំពីឫស្សីប្រវែង០.៧០ម៉ែត្រ ទំហំដង១១ស.មផ្លែប្រវែង០.២៩ម៉ែត្រ ទំហំផ្លែ៤ស.ម។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាពបង្កការអុកឡុកក្នុងមូលដ្ឋានជាច្រើនលើកច្រើនសាមកហើយ។ លុះមកដល់ថ្ងៃទី៩ ខែធ្នូ.ឆ្នាំ២០២០វេលាម៉ោង ១០:០០នាទីព្រឹក ជនសង្ស័យបានផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះ ថា ជាមួយឈ្មោះ រាក់ រហូតដល់ម៉ោង១៨និង០០នាទី ក៏បែកផ្លូវគ្នា ដោយជនសង្ស័យមានសភាពស្រវឹងស្រាបានដើរទៅមុខផ្ទះជនរងគ្រោះ ពេលនោះជនសង្ស័យក៏បានយកមួកសុវត្ភិភាពបោកនៅក្រោមផ្ទះជនរងគ្រោះបែកខ្ទេច ភ្លាមនោះជនរងគ្រោះបានឃាត់​ និងឲ្យជនសង្ស័យទៅផ្ទះវិញទៅ លុះបានមួយសន្ទុះក្រោយមកជនរងគ្រោះកំពុងអង្គុយហូបបាយនៅក្រោមផ្ទះតែម្នាក់ឯង​ ក៏ស្រាប់តែជនសង្ស័យកាន់កាំបិតខ្វែវដើរលបៗមកពីក្រោយខ្នងជនរងគ្រោះ ហើយបានកាប់ជនរងគ្រោះមួយកាំបិតចំគន្លាក់ដៃខាងស្ដាំបណ្ដាលឱ្យមានរបួសធ្ងន់ធ្ងរ ហូរឈាមយ៉ាងខ្លាំង រួចហើយជនសង្ស័យក៏គេចខ្លួនបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះបានប្ដឹងសមត្ថកិច្ចនគរបាលព្រែកអញ្ចាញ និងកម្លាំងនគរបាលស្រុក ដើម្បីឱ្យជួយស្រាវជ្រាវ​រហូតចាប់ខ្លួនបាននាំយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖