ភ្នំពេញ៖ ក្មេងស្រីៗចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីទទួលពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះពាក់ព័ន្ធនឹងករណីចាប់ចងដៃចងជេីងនិងបិទមាត់គំរាមយកទៅលក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១២៩KM ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្មេងស្រីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ១-ម៉ាក់ គឹមហុង អាយុ១៨ឆ្នាំ ២-ឈ្មោះដួង ទីណូ អាយុ១៤ឆ្នាំ ៣-ឈ្មោះទេស ម៉ាណា អាយុ១៤ឆ្នាំ ពួកនាងទាំង៣នាក់នេះមានមុខរបរជាជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះចន រីឆេល អាយុ៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ គឺមានផ្ទះស្ថិតនៅទល់មុខគ្នាតែម្ដង។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ កុមារីខាងលើបានរត់លេងនៅក្បែរផ្ទះ ហើយក៏បានជួបជាមួយនឹងក្មេងស្រីទាំង៣នាក់ខាងលើ។លុះពេលជួបភ្លាម ក្មេងស្រីទាំង៣នាក់នោះក៏បានយកខ្សែមកចងដៃ ចងជើង កុមារី និងបានយកស្កុតមកបិទមាត់ថែមទៀតផង។ មិនតែប៉ុណ្ណោះពួកគេក៏បានសង្កត់ក្បាលក្មេងស្រីរងគ្រោះឲ្យហិតសំរាម ហើយគំរាមថា«កុំស្រែកប្រយ័ត្នអញចាប់យកទៅលក់» ថែមទៀតផង។
ក្រោយពីមានការឆោឡោភ្លាមៗ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនក្មេងស្រីទាំង៣នាក់មកសួរនាំ ហើយពួកគេបានបញ្ជាក់ថាពួកគេគ្រាន់តែធ្វើលេងជាមួយនឹងកុមារីតែប៉ុណ្ណោះ។
លុះមកដល់ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោកព្រះរាជអាជ្ញារងបានសម្រេចមិនឲ្យឃាត់ខ្លួនយុវតីទាំង៣នាក់នេះឡើយ ប៉ុន្តែបានប្រាប់ឲ្យបញ្ជូនតែសំណុំរឿងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញបានហើយ។បន្ទាប់មកនគរបាលបានដោះលែងពួកនាងៗទាំង៣នាក់នេះវិញបន្ទាប់ពីមានការធានាពីអាណាព្យាបាល ហើយចំណាត់ការបែបណាបន្តទៀត នោះស្រេចតែលើតុលាការទេ៕
ដោយ៖ សុខាសែនជ័យ