ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា៖ ក្រោយពីបានរកឃើញថាក្រុមហ៊ុន X-Mode Social Inc. បានប្រមូលនិងលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាល ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសកាលពីម្សិលមិញនេះ ឱ្យអ្នកអភិវឌ្ឍកម្មវិធីដកកូដ X-Mode ចេញពីកម្មវិធីរបស់ពួកគេ បើមិនដូច្នោះទេកម្មវិធីទាំងនោះអាចនឹងឈប់ដំណើរការនៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។
បើតាមការផ្ដល់ព័ត៌មានពីក្រុមហ៊ុនទាំងពីរខាងលើ ក្រុមហ៊ុន Google បានកំណត់ពេលចំនួន ៧ថ្ងៃ សម្រាប់អ្នកអភិវឌ្ឍកម្មវិធីដើម្បីលុប X-Mode ចោល ប៉ុន្តែពួកគេអាចនឹងសុំពន្យាពេលបានរហូតដល់ទៅ ៣០ថ្ងៃ ចំណែកឯក្រុមហ៊ុន Apple បានកំណត់រយៈពេលត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនទាំងពីរបានបញ្ឈប់ក្រុមហ៊ុនពីការទាញយកទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា និងជាពិសេសបន្ទាប់ពីមានការស៊ើបអង្កេតពីសមាជិកព្រឹទ្ធសភា លោក Ron Wyden នៃរដ្ឋអូរីហ្គែនផងនោះ។
គួរបញ្ជាក់ផងដែរថា ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលពួកគេអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ដូច្នេះដើម្បីការពារទិន្នន័យឯកជនភាព លោកអ្នកគួរតែបិទការតាមដានទីតាំងប្រសិនបើលោកអ្នកពុំចាំបាច់ត្រូវការប្រើប្រាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចកំណត់ឱ្យមានការតាមដាន នៅពេលដែលប្រើកម្មវិធីនោះក៏បាន៕
ដោយ៖ សិលា