ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ សរុបទាំងអស់ ៣៨ ៧៨៦ ១៧០ដុល្លារហើយ ដែលក្នុងនោះមានជាលុយដុល្លារ ៣៨ ៣៨០ ០២០ដុល្លារ និងលុយខ្មែរ ១ ៦២៤ ៦០០ ០០០ រៀល (ស្មើ ៤០៦ ១៥០ដុល្លារ) បើគិតត្រឹមម៉ោង ៦៖០០ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។
តាមរយៈជនរួមជាតិ គោរព ស្រលាញ់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន ការចូលរួមបរិច្ចាគ ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទី ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។
សូមឱ្យកម្ពុជាទាំងមូល ជៀសផុតពីជំងឺកូវីដ-១៩ មានសម្ដេចតេជោហ៊ុនសែន មានសន្តិភាព មានភាពកក់ក្តៅដល់ប្រជាពលរដ្ឋ មានការអភិវឌ្ឍ មានការបង្រួបបង្រួមជាតិ ខ្មែរស្រលាញ់ខ្មែរ ប្រទេសជាតិទាំងមូលឲ្យរុងរឿង ពិសេសប្រជាពលរដ្ឋខ្មែរ បានរួមគំនិត ស្រឡាញ់សាងអំពើល្អ រវាងគ្នាទៅវិញទៅមក ធ្វើឱ្យកម្ពុជា កាន់តែលេចមុខ លេចមាត់ នៅលើឆាកអន្តរជាតិ៕
ដោយ៖ សិលា