ព័ត៌មានទាន់ហេតុការណ៍៖

វឌ្ឍនភាពនៃការស្តារដំណាំស្រូវ រដូវវស្សា និងដើមរដូវប្រាំងឆ្នាំ២០២០ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងអំពីវឌ្ឍនភាពនៃការស្តារដំណាំស្រូវ រដូវវស្សា និងដើមរដូវប្រាំងឆ្នាំ២០២០ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ។ក្នុងន័យនេះលោករដ្ឋមន្ត្រី សំដៅថាប្រជាកសិករបានបង្កបង្កើនផលស្រូវទទួលបានទិន្នន័យខ្ពស់ ក្នុងនោះលោកបានលម្អិតយ៉ាងដូច្នេះថា,
ក. វឌ្ឍនភាពនៃការស្តារដំណាំស្រូវ រដូវវស្សា និងដើមរដូវប្រាំងឆ្នាំ២០២០ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទន្លេមេគង្គ៖

១) វិធានការរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទឹកជំនន់
បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបានបង្កឲ្យមានផល់ប៉ះពាល់ និងខូចខាតដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំកសិ-ឧស្សាហកម្ម និងសត្វពាហន:នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និងកំពង់ធំ។ ប្រឈមមុខនឹងគ្រោះ មហន្តរាយនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកងកំលាំងប្រដាប់អវុធរួមជាមួយអាជ្ញាធរមូលដ្ឋាន ឲ្យចុះធ្វើអន្តរាគមន៍ជាបន្ទាន់ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន ដោយផ្តល់ស្បៀងសង្គ្រោះបន្ទាន់ និងរៀបចំគម្រោងស្តារផលិតកម្មដំណាំស្រូវជូនប្រជាពលរដ្ឋឡើង វិញតាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងឲ្យទាន់ពេលវេលា។
បន្ទាប់ពីប្រជាជនទទួលបានជំនួយសង្គ្រោះបន្ទាន់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសប្បុរសជនដ៏ទៃទៀត ការងារស្តារការដាំដុះដំណាំក៏ត្រូវបានចាត់ចែងជាបន្ទាន់ផងដែរ ទាំងការប្រមូលទិន្នន័យនៃផ្ទៃដីដំណាំស្រូវដែលបានប៉ះពាល់ ការខូចខាត និងផ្ទៃដីដែលអាចមានលទ្ធភាពស្តារឡើងវិញបាន ។ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ គឺអ្វីៗបានប្រព្រឹត្តទៅយ៉ាងរលូន ទាំងការកំណត់ទីតាំងនិងផ្ទៃដីដែលត្រូវធ្វើការស្តារឡើងវិញ ការកំណត់សេចក្តីតម្រូវការពូជ ទីតាំងឃ្លាំងស្តុកគ្រាប់ពូជស្រូវដែលត្រូវប្រមូល និងការដឹកជញ្ជូនពូជស្រូវទៅកាន់គោលដៅ ហើយនឹងការបែងចែកជូនដល់កសិកររងគ្រោះឲ្យបានទាន់ពេលវេលា ក្នុងបរិមាណស្រូវពូជចំនួន ៦ ៤៣៤,៣០ តោន ចែកជូនដល់គ្រួសារប្រជាកសិករដែលទទួលរងគ្រោះ ចំនួន ៦៤ ៣៤៣ គ្រួសារ ត្រូវការស្តារដំណាំស្រូវឡើងវិញជាបន្ទាន់ ដែលបានប្រើប្រាស់ពេលវេលាមិនដល់ពីរសប្តាហ៍។

២) ផលប៉ពាល់ និងខូចខាតទៅលើដំណាំស្រូវរដូវវស្សា ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងចុងរដូវវស្សាឆ្នាំ២០២០
• បានប៉ះពាល់ដំណាំស្រូវ ចំនួន ១៩ រាជធានី/ខេត្ត
• ផ្ទៃដីដំណាំស្រូវដែលបានប៉ះពាល់ដោយទឹកជំនន់ ចំនួន ៣០៤ ៨២១ ហិកតា ស្មើនឹង ១០,៩២% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន (២ ៧៩០ ៨២៩ ហិកតា)
• ផ្ទៃដីដំណាំស្រូវដែលសង្គ្រោះបាន ចំនួន ១៧៩ ០៥១ ហិកតា ស្មើនឹង ៦,៤១% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន
• ផ្ទៃដីដំណាំស្រូវដែលបានខូចខាតទាំងស្រុងចំនួន ១២៥ ៧៧០ ហិកតា ស្មើនឹង ៤,៥% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន
• ផ្ទៃដីដំណាំស្រូវដែលមានលទ្ធភាពស្តារបាន ចំនួន ៦៤ ១៧៩ ហិកតា
• មានខេត្តចំនួនបួនបានប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិសាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ។

៣) លទ្ធផលនៃការស្តារដំណាំស្រូវ គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺមានចំនួន ៥៧ ៥៥៧ ហិកតា ស្មើនឹង ៨៩,៦៨% នៃផែនការស្តារឡើងវិញចំនួន ៦៤ ១៧៩ ហិកតា ដែលក្នុងនេះរួមមាន៖
• ខេត្តពោធិសាត់សម្រេចបាន ១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១% នៃផែនការស្តារឡើងវិញចំនួន ១៧ ៨០៤ ហិកតា
• ខេត្តបាត់ដំបងសម្រេចបាន ១០ ៥០០ ហិកតា ស្មើនឹង ១០០% នៃផែនការស្តារឡើងវិញចំនួន ១០ ៥០០ ហិកតា
• ខេត្តបន្ទាយមានជ័យសម្រេចបាន ១៤ ២០៦ ហិកតា ស្មើនឹង ៧១,១៤ ហិកតា នៃផែនការស្តារឡើងវិញចំនួន ១៩ ៩៧០ ហិកតា
• ខេត្តកំពង់ធំសម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤% នៃផែនការស្តារឡើងវិញចំនួន ៨ ២៥១ ហិកតា ។
• ដោយឡែកខេត្តចំនួន១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារសម្រេចបានពី ៩៨ ទៅជាង ១០០% នៃផែនការរួចហើយដែរ លើកលែងតែខេត្តកណ្តាលសម្រេចបានត្រឹមតែ ៧០,១១% នៃផែនការស្តារឡើងវិញ ។

ខ. ការព្យាករណ៍ផលស្រូវរដូវវស្សា សម្រាប់ ឆ្នាំ២០២០
បន្ទាប់ពីបានពិភាក្សា និងធ្វើការផ្ទៀងផ្ទាត់ទិន្នន័យជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ ខេត្ត នៅជំហានទី១មក ការប៉ាន់ស្មានជាបឋមនៃបរិមាណផលស្រូវរដូវវស្សាឆ្នាំ២០២០ នេះ នឹងអាចទទួលបានលទ្ធផលដូចខាងក្រោម៖
• ទិន្នផលស្រូវវស្សាជាមធ្យមក្នុងឆ្នាំ២០២០ មានចំនួន ៣ ១២២គក្រ/ហត ច្រើនជាង ឆ្នាំ២០១៩ ដែលទទួលបានចំនួន ៣ ០៩៥ គក្រ/ហត ។
• បរិមាណផលស្រូវរដូវវស្សាអាចទទួលបានចំនួនប្រមាណ ៨ ៥៩៦ ៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបាន ចំនួន ៨ ២៦៩ ៤៨០តោន ៕

ដោយ៖ សិលា


ចែករំលែក៖