ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើ បានខេត្តសៀមរាប បានចាប់ឃាត់ខ្លួនឈ្មួញឈើ២នាក់ និងរឹបអូសរថយន្តដឹកឈើល្មើសច្បាប់១គ្រឿង។
ការបង្ក្រាបធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយកំលាំងអធិការនគបាល ស្រុកប្រាសាទបាគង សហការជាមួយរដ្ឋបាលព្រៃឈើសៀមរាប លើដងផ្លូវលំ ក្នុងភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍របស់ប៉ូលិស ស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ ខ្លួនមនុស្ស២នាក់ផងដែរ។
ទី១-ឈ្មោះកែវ ឧត្ដម ហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាបនិង ទី២-ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។ ក្នុងនោះក៍បានដក ហូតវត្ថុតាងឡានម៉ាក REVO ពណ៌ស សេរីឆ្នាំ ២០១៦ចំនួន១គ្រឿងនិងឈើប្រភេទផ្ចឹកចំនួន 2,92 ម៉ែត្រគូប។
ចំពោះមនុស្សនិងសម្ភារ បានប្រគល់ជូន រដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ ឈើនិងរថយន្ត បានយកទៅរក្សាទុកនៅស្នាក់ការក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី។
ចំណែកមនុស្សដែលឃាត់ខ្លួន គឺអនុវត្តច្បាប់ស្តីពីព្រៃឈើ តាមមាត្រា៩៦ មិនបានបញ្ជូនទៅតុលាការនោះទេ។ ប៉ុន្តែយើងទុករយះពេល៣០ថ្ងៃអោយពួកគាត់ចូលបង់ពិន័យជាអន្តរកាល ប្រសិនបើ៣០ថ្ងៃមិនចូលមកទទួលពិន័យ នោះនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ជុំវិញករណីនេះ មន្ត្រីសមត្ថកិច្ចម្នាក់ដែលមានស្នាក់ការនៅតាមដងផ្លូវបង្ហើបថា មុនពេលបង្ក្រាបនេះ ឈ្មួញឈើខាងលើ តែងដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគ្រេង ពីខេត្តព្រះវិហារ ចូលនៅក្រុងសៀមរាប ឆ្លងកាត់មុខស្នាក់ការ សមត្ថកិច្ច ជាច្រើនស្ថាប័ន តែមិនដែលមានសមត្ថកិច្ច ណា បង្ក្រាបទេ ព្រោះតែជនខាងលើ ចរចារផ្លូវជាមុន។ ចណែកម្តងនេះ ទំនងជា មាន សមត្ថកិច្ចផ្សេង ដេញតាមពីក្រោយ ទើបបែកការ ក៏ឈានដល់ការបង្ក្រាបបែបនេះ៕
ដោយ៖ សូរិយា