ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅខេត្តកំពង់ឆ្នាំង លទ្ធផលធ្វើសំណាក៤៧នាក់អវិជ្ជមានសម្រាប់ធ្វើតេស្តលើកទី១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានប្រាប់នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ លទ្ធផលសំណាកដែលចេញដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា បានបញ្ជាក់ថា អ្នកប៉ះពាល់ផ្ទាល់និងប្រយោលនៃព្រឹត្តិការសហគមន៍ ២៨វិច្ឆិកា នៅខេត្តកំពង់ឆ្នាំងចំនួន៤៧នាក់ ដែលបានធ្វើតេស្តសំណាកលើកទី១ បង្ហាញថា អវិជ្ជមាន នៃវីរុសកូវីដ-១៩ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍២៨វិច្ឆិកានេះ នៅខេត្តកំពង់ឆ្នាំង មានអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ចំនួន៦៧នាក់ ក្នុងចំណោមទាំង៦៧នាក់នេះ បានយកសំណាកចំនួន៤៧នាក់ ទៅធ្វើតេស្ត រកវីរុសកូវីដ-១៩ ប៉ុន្តែ ក្នុងចំណោមអ្នកធ្វើសំណាកទាំង៤៧នាក់នេះ គឺអវិជ្ជមានទាំងអស់ ។ ប៉ុន្តែក្នុងចំណោមអ្នកទាំងអស់ នៅតែបន្តធ្វើចត្តាឡីស័ក ហើយនឹងត្រៀមយកសំណាកទៅធ្វើតេស្តលើកទី២ម្តងទៀត ។
ប្រធានមន្ទីរសុខាភិបាលបានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ទាំងអស់កុំ ជឿនូវរាល់ព័ត៌មានដែលប្រឌិតខុសការពិត ហើយបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ របស់វិធានការនានាក្រសួងសុខាភិបាល ដើម្បីបង្កើនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះការីករាលដាលនៃជំងឺកូវីដ-១៩នេះមក ខេត្តកំពង់ឆ្នាំង បានធ្វើសំណាកដល់អ្នកប៉ះពាល់ផ្ទាល់និងប្រយោលបានចំនួន៦៥៤នាក់ វិជ្ជមាន៣នាក់ និង បានព្យាបាលជាសះស្បើយផងដែរ មកដល់និងពេលនេះ៕ ចន្ថា


ចែករំលែក៖