ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកទទួលបានអំណោយ លោកមេបញ្ជាការកងទ័ពជើងគោក តាមរយៈមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  កងទ័ពកើតចេញពីប្រជាពលរដ្ឋ ដូច្នេះកងទ័ពត្រូវតែជួយប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ។ ជាក់ស្ដែង នៅ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន១ខ្នង ទំហំ៤មx៧ម ម្ចាស់ផ្ទះឈ្មោះ មុត សែន ជាស្រ្តីមេម៉ាយ អាយុ៤៤ឆ្នាំ រស់នៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ដោយមើលឃើញការលំបាករបស់គ្រួសារប្រជាពលរដ្ឋខាងលើ អង្គភាពបាននាំយកសង្ក័សី មកសាងសង់ផ្ទះថ្មី និងបានផ្ដល់ជូនគ្រឿងឧបភោគបរិភោគចំនួន៨មុខ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានក៏សម្ដែងការសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែង ជាពិសេសកងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន។
សូមរំលឹកផងដែរថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តែងតែបានយកចិត្តទុកដាក់ចំពោះកងទ័ព គ្រួសារកងទ័ព ទាំងការស្នាក់នៅ កាលមានធុរៈជំងឺ និងជួយឧបត្ថម្ភជាបន្តបន្ទាប់ ។ កាយវិការទាំងអស់ ធ្វើឲ្យកងទ័ពមានកម្លាំងចិត្ត គោរពស្រឡាញ់ បំពេញការងារ ប្រកបដោយ ភាពទទួលខុសត្រូវ តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន ក្នុងអង្គភាពនីមួយៗ៕

ដោយ ៖ សិលា


ចែករំលែក៖