ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលីសថៃ ៧នាក់ ក្រោយពាក់ព័ន្ធរឿងជំរិតទារប្រាក់ពីឈ្មួញជួញដូរថ្នាំញៀន និងរឹបអូសថ្នាំញៀនយកទៅលក់បន្ត ត្រូវតុលាការកាត់ទោសជាប់គុកម្នាក់ ៨ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖ ប៉ូលីសជំនាញនៅក្នុងអង្គភាពប្រតិបត្តិការពិសេស នៃស្នងការនគរបាលខេត្តយ៉ាឡា ភាគខាងត្បូងនៃប្រទេសថៃចំនួន ៧នាក់ក្រោយពាក់ព័ន្ធករណីជំរិតទារប្រាក់ពីឈ្មួញជួញដូរថ្នាំញៀន និងរឹបអូសថ្នាំញៀនយកទៅលក់បន្ត ត្រូវបានតុលាការកាត់ទោសឲ្យម្នាក់ៗជាប់គុក ៨ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាពេលថ្មីៗនេះ។

បើយោងតាមកាស៊ើបអង្កេតរបស់មន្រ្តីជំនាញ ជុំវិញបទឧក្រិដ្ឋគ្រឿងញៀនដ៏រសើបមួយនេះ ត្រូវបានរកឃើញថា ក្នុងពេលចុះទៅធ្វើបេសកម្មក្នុងការបង្រ្កាបគ្រឿងញៀនប៉ូលីសទាំង នាក់ខាងលើនេះ បានជំរិតទារប្រាក់ពីឈ្មួញគ្រឿងញៀនជាច្រើនជាថ្នូរ នឹងការមិនចាប់ខ្លួនឈ្មួញគ្រឿងញៀននោះ។ មិនតែប៉ុណ្ណោះពួកគាត់ក៏បានរឹបអូសយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ២០០គ្រាប់មកចែកគ្នាផងដែរដោយអ្នកខ្លះបានទុកគ្រឿងញៀននោះសម្រាប់ប្រើប្រាស់ខ្លួនឯង និងចំនួនទៀតបានយកទៅលក់បន្តឲ្យក្រុមក្មេងញៀនថ្នាំដោយផ្ទាល់តែម្តង។

ដោយឡែកទាក់ទិននឹងករណីនេះដែរ មេបញ្ជាការរងខេត្តយ៉ាឡា លោកឧត្តមសេនីយ៍ទោ Prabphol Meemongkhol បានប្រាប់អ្នកសារព័ត៌មានថា ការបង្រ្កាបបទល្មើសគ្រឿងញៀនចំពោះបូលីសទាំង ៧នាក់ខាងលើនេះទទួលបានការសាទរយ៉ាងខ្លាំងពីសាធារណៈជន និងកងកម្លាំងប្រដាប់អាវុធទូទាំងផ្ទៃប្រទេស ព្រោះជនខិលខូចមួយក្រុមតូចនេះអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នប៉ូលីសថៃទាំងមូលផងដែរ។

គួរបញ្ជាក់ថា ក្រៅតែពីកាត់ទោសឲ្យជាប់គុកម្នាក់ ៨ឆ្នាំហើយនោះ អតីតប៉ូលីសទាំង ៧នាក់នេះ ក៏ត្រូវរងនូវការពិន័យជាប្រាក់ម្នាក់ចំនួន ៨០០០០០បាត (២៦ ៦២៩ ដុល្លារអាមេរិក)ផងដែរ៕

ដោយ៖ស តារា


ចែករំលែក៖