ព័ត៌មានទាន់ហេតុការណ៍៖

មុន ឬក្រោយចាក់វ៉ាក់សាំងជំងឺកូវីដ១៩ អ្នកជំនាញរុស្សីណែនាំឲ្យពលរដ្ឋខ្លួនផ្អាកផឹកស្រាសិន ព្រោះវាអាច…

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរសុខាភិបាលរុស្ស៉ី បានជូនដំណឹងដល់ប្រជាជនរបស់ខ្លួនដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គួរផ្អាកការទទួលទានគ្រឿងស្រវឹងជាច្រើនសប្តាហ៍ទាំងមុននិងក្រោយពេលចាក់វ៉ាក់សាំង។ ប៉ុន្តែការណែនាំនេះ ត្រូវបានពលរដ្ឋរុស្ស៉ីមួយចំនួនហាក់មិនសប្បាយចិត្តទាល់តែសោះ។

បើតាមលោកស្រី  Anna Popova ដែលជាគ្រូពេទ្យនិងជាមន្ត្រីសុខាភិបាលសាធារណៈជាន់ខ្ពស់មួយរូបរបស់រុស្ស៉ី បានបញ្ជាក់ថា ចំពោះការផ្តល់ដំបូន្មាននេះ ដោយសារតែមូលហេតុដែលពលរដ្ឋត្រូវចាក់វ៉ាក់សាំង គួរតែផ្អាកទទួលទានគ្រឿងស្រវឹងទាំងនោះ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយរបស់ពួកគាត់រឹងមាំអាចឆ្លើយតបជាមួយនឹងវ៉ាក់សាំងបាន។

អ្នកជំនាញរុស្ស៉ីរូបនេះ បន្តថា មុនពេលចាក់វ៉ាក់សាំងម្តង គឺពលរដ្ឋគួរផ្អាកទទួលទានគ្រឿងស្រវឹងចំនួន ២សប្តាហ៍ និង ៦សប្តាហ៍ក្រោយពេលចាក់វ៉ាក់សាំងនេះរួច។ ដោយមនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងចំនួន ២ដង ដែលមានគម្លាតនៃការចាក់ពីគ្នាចំនួន ២១ថ្ងៃ ៣សប្តាហ៍នោះ មានន័យថា ទាំងមុនពេលចាក់និងក្រោយពេលចាក់វ៉ាក់សាំងទាំង ដងនេះ ពលរដ្ឋត្រូវផ្អាកទទួលទានស្រាសរុបរហូតដល់១១ សប្តាហ៍ជាប់គ្នា។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកសុខភាពជាច្រើនទៀត ហាក់មិនគាំទ្រនឹងការលើកឡើងខាងលើនេះទាំងស្រុងឡើយ ដោយពួកគាត់យល់ថាវាមានលក្ខណៈដាច់ខាតខ្លាំងពេក។ ដោយពួកគាត់ ក៏បានបញ្ជាក់ថា ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណតិចតួចដូចជា៖ស្រាបៀរ ឬស្រាក្រហមមួយកែវក្នុងមួយថ្ងៃ គឺវាគ្មានបញ្ហាអ្វីនោះទេសម្រាប់អ្នកចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ប្រទេសរុស្ស៉ី គឺជាប្រទេសមួយដែលមានអ្នកទទួលទានគ្រឿងស្រវឹង ក្នុងបរិមាណដ៏ច្រើនសម្បើម បើធៀបទៅនឹងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ហើយគេជឿថាការស្នើឲ្យពលរដ្ឋរុស្ស៉ីផ្អាកទទួលទានគ្រឿងស្រវឹង ឬទទួលទានត្រឹមមួយកែវក្នុងមួយថ្ងៃនោះ គឺមិនមែនជារឿងងាយនោះឡើយ៕

ដោយ៖ស តារា


ចែករំលែក៖