ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្រុងស្វាយរៀងឈរគ្រវីក្បាលហួសចិត្ត ស្នើដល់សមត្ថកិច្ចជួយមើលក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ ទល់មុខវិទ្យាល័យហ៊ុនសែនចេក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានឈរគ្រវីក្បាលនិងហួសចិត្តដល់ក្រុមក្មេងទំនើងជាច្រើននាក់ដែលបាននាំគ្នាបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ១ ក្នុងសង្កាត់ចេក ក្រុងស្វាយរៀង  ដោយមិនខ្លាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឡើយ។ដូច្នេះហើយទើបពួកគាត់ស្នើឲ្យសមត្ថកិច្ចចាប់ក្មេងទំនើងទាំងនោះយកទៅធ្វើការអប់រំនិងធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មានក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវជាតិលេខ១ ខាងមុខវិទ្យាល័យហ៊ុន សែនចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយមិនមានខ្លាចរអាសមត្ថកិច្ចបន្តិចណាសោះឡើយ គឺពួកគេបង្ហោះម៉ូតូប្រសេចប្រសាចពេញតាមផ្លូវដូចត្រីចង្វាត្រូវទឹកភ្លៀង។

ពាក់ព័ន្ធទៅនឹងករណីក្មេងទំនើងបង្ហោះម៉ូតូនេះដែរ ពលរដ្ឋបានស្នើដល់សមត្ថកិច្ចក្រុងស្វាយរៀងមេត្តាជួយស្រាវជ្រាវចាប់ក្រុមក្មេងទំនើងទាំងនេះយកទៅអប់រំណែនាំ និងហៅអាណាព្យាបាលឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ គឺអាចបង្កគ្រោះដល់អ្នកដទៃផងដែរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១ គឺមានរថយន្តតូចធំរាប់រយគ្រឿងធ្វើចរាចរណ៍ នៅលើផ្លូវនេះ ជាពិសេសមានរថយន្តដឹកទំនិញកុងតឺន័ររាប់សិបគ្រឿង ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ៕

ដោយ៖យឹម សុថាន


ចែករំលែក៖