ព័ត៌មានទាន់ហេតុការណ៍៖

សត្វខ្លាឃ្មុំ “ផេនដា” អាចនឹងផុតពូជពីផែនដី ដោយសារមូលហេតុចម្បងជាច្រើន

ចែករំលែក៖

អន្តរជាតិ៖ សត្វខ្លាឃ្មុំ ប្រភេទផេនដា (Panda) ដែលមានលក្ខណៈងាយស្រួលក្នុងការចំណាំ ដោយសារតែស្បែកពណ៌ និងពណ៌ខ្មៅដ៏ក្រាស់របស់ពួកវា។ មិនត្រឹមតែប៉ុណ្ណោះ ផេនដាមិនស៊ីអ្វីក្រៅពីឫស្សីសម្រាប់ជាចំណីរបស់វានោះទេ។ ចំពោះប្រភេទសត្វខ្លាឃ្មុំដទៃ ដូចជា៖ ខ្លាឃ្មុំទឹកកក ឬខ្លារឃ្មុំភ្នំ ពួកវាមិនមានពណ៌ពីរដូចខ្លារឃ្មុំផេនដានោះទេ។

ដោយសារតែរឿងនេះ គេអាចសន្មតថា ខ្លាឃ្មុំផេនដាមានលក្ខណៈប្លែកពិសេសមួយទៅហើយ។ ខ្លាឃ្មុំដទៃទៀត វាស៊ីចំណីជាច្រើនប្រភេទលាយបញ្ចូលគ្នាដូចជា ផ្លែឈើព្រៃ សត្វត្រី ឬសត្វល្អិតជាដើម។ តែសព្វថ្ងៃ ផេនដាត្រូវបានគេចាត់ទុកថា ជាសត្វមួយក្នុងចំណោមសត្វជាច្រើនទៀតដែលកំពុងនឹងរងគ្រោះនឹងការផុតពូជ។ នេះបើតាមការបកស្រាយចេញពីគេហទំព័រវិទ្យាសាស្រ្តមួយឈ្មោះថា Sciencing

អ្នកវិទ្យាសាស្រ្តបាន គិតទុកថា នៅក្នុងពិភពលោកសព្វថ្ងៃ មានផេនដា តែប្រមាណជា១៨០០ក្បាលប៉ុណ្ណោះដែលនៅសេសសល់ តិចជាងអ្វីដែលគេបានរំពឹងទុកពីមុន។ ហើយចំពោះការបាត់បង់ទីជម្រក គឺជាការបាត់បង់កន្លែងរកអាហារ ហើយការឆ្លងទៅរកព្រៃថ្មីៗត្រូវបានកាត់ផ្តាច់ដោយសារទីលំនៅរបស់មនុស្សនៅតាមទីប្រជុំជន។ ម្យ៉ាងវិញទៀត ផេនដាមិនងាយសម្របជាមួយនឹងបរិស្ថានថ្មីរបស់វាបាននោះទេ។

ការបាត់បង់ទីជម្រករស់នៅ ជាបញ្ហាមួយយ៉ាងធំសម្រាប់សត្វមួយនេះ។ ការកាប់បំផ្លាញព្រៃឈើ ជាពិសេសព្រៃដែលគ្របដណ្តប់ដោយដើមឫស្សីនៅតាមប្រទេសចិន ឡាវ វៀតណាម ឬមីយ៉ានម៉ា ជាដើម។ តែជាទូទៅ ផេនដាព្រៃត្រូវបានគេរកឃើញនៅតែក្នុងទឹកដីនៃប្រទេសចិនតែប៉ុណ្ណោះ។

ដោយឡែក បើនិយាយពីសត្វ Raccoon វាជាសត្វមួយប្រភេទដែលរស់នៅក្នុងព្រៃ ដូចសត្វនានាដែរ។ តែនៅពេលដែលមនុស្សបានចូលទន្រ្ទានដីព្រៃដើម្បីសាងសង់ទីលំនៅថ្មី សត្វ Raccoon ក៏បានសម្របខ្លួនប្រាណរបស់វាជាមួយនឹងភាពផ្លាស់ប្តូរនេះដែរ ជាមួយនឹងការស៊ីកាកសំណល់របស់មនុស្សនៅតាមធុង ឬសាំជាមួយមនុស្សជាដើម។ សត្វចាបស្រុក ព្រាប កណ្តុរសុទ្ធតែមានសមត្ថភាពក្នុងសម្របជាមួយនឹងបរិស្ថានមនុស្ស។ ចំពោះសត្វផេនដាវិញ វាមិនអាចស៊ីអ្វីខុសពីឫស្សីនោះទេ ហើយទំហំខ្លួនប្រាណដ៏ធំរបស់វាក៏ធ្វើឲ្យមានភាពលំបាកក្នុងការធ្វើដំណើរទៅមកផងដែរ។

ជាធម្មតា រឿងមួយទៀតគឺការពិបាកបន្តពូជ ខ្លារឃ្មុំទូទៅអាចផ្តល់កំណើតបានកូនចំនួនបីក្បាល ក្នុងពេលផ្តល់កំណើតម្តងៗ ហើយក្នុងចំណោមបីនោះមួយនឹងមានជីវិតរហូតដល់វ័យបន្តពូជ។ តែសម្រាប់ផេនដាវិញ ដោយសារតែរបបអាហាររបស់វាមិនអាចធ្វើឲ្យវាមានជីវជាតិគ្រប់គ្រាន់ ផេនដាភាគច្រើនអាចបង្កើតកូនម្តងបានតែមួយប៉ុណ្ណោះ។ ក្នុងករណីដែលផេនដាអាចបង្កើតកូនបានពីរ នោះកូនដែលតូចជាងគេនឹងត្រូវម្តាយរបស់វាទុកចោលដោយសារតែទឹកដោះរបស់សត្វផេនដា មិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូនរហូតទៅដល់ពីរក្បាលនោះឡើយ។

ទាក់ទិននឹងបញ្ហានេះ ការរកគូរក្នុងការធ្វើការបន្តពូជក៏ជារឿងមួយលំបាកផងដែរ សម្រាប់ស្ថាប័នដែលកំពុងតែមើលថែសត្វមួយប្រភេទនេះ។គេមិនអាចធានាបានថា សត្វផេនដាញីឈ្មោលនឹងបន្តពូជដោយខ្លួនឯងនោះទេទោះបីជាគេដាក់ផេនដាទាំងពីរភេទនេះឲ្យនៅជាមួយគ្នាអស់រាប់ឆ្នាំក៏ដោយ។

មួយវិញទៀត ផេនដាញីដែលរស់នៅក្នុងស្ថាប័នចិញ្ចឹម ភាពច្រើនបង្ហាញពីអារម្មណ៍មិនប្រក្រតីជាមួយនឹងកូនរបស់វា។ ក្រោយពីពេលបង្កើតរួចនៅក្នុងស្ថាប័នចិញ្ចឹមការពារ ផេនដាញីតែងទុកកូនចោល ឬពេលខ្លះចង់បង្កគ្រោះថ្នាក់ដល់កូនរបស់វាទៀតផង។ ហេតុដូចនេះ អ្នកជំនាញខាងការពារសត្វព្រៃត្រូវតែមានវត្តមានចាំមើលថែកូនរបស់វាជានិច្ច។

ជុំវិញរឿងនេះដែរ ពាក់ព័ន្ធនឹងការបរបាញ់ដោយខុសច្បាប់ក៏ជារឿងមួយដែលលំបាកក្នុងការដោះស្រាយផងដែរ។ អ្នកបរបាញ់ភាគច្រើនតែងយកស្បែករបស់សត្វមួយនេះទៅលើនៅក្នុងទីផ្សារងងឹត។ ខណៈប្រទេសចិនមានទោសយ៉ាងធ្ងន់ធ្ងរជាមួយនឹងអំពើខុសច្បាប់មួយនេះតែទោះបីជាយ៉ាងណាក៏ដោយការហាមឃាត់នេះមិនអាចមានប្រសិទ្ធភាពទាំងស្រុងនោះឡើយ៕

ដោយ៖ស តារា


ចែករំលែក៖