ខេត្តព្រះវិហារ៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត បានធ្វើការណែនាំ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗជាច្រើន សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ ដែលក្នុងនោះក៏រួមមាន ការផ្ដោតសំខាន់ទៅលើការរៀបចំផែនការសកម្មភាពកាងារសម្រាប់ព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ដ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដូចជាការងារផលិតបទយកការណ៍ ផលិតស្ពតខ្លីអំពីកម្មវិធីព្រះវិហារសង្ក្រាន្ដ និងផលិតផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវសារនៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាដើម។
លោកស្រីប្រធានមន្ទីបាន ណែនាំបែបនេះធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី១ និងដាក់ចេញទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការ មន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត។
ជាមួយគ្នានេះ លោកស្រីប្រធានមន្ទីរ បានថ្លែងថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់ ចំពោះការខិតខំប្រឹងប្រែងកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តស្មារតីសាមគ្គីភាព ទំនួលខុសត្រូវ និងភាពច្នៃប្រឌិត ក្នុងការអនុវត្តន៍ការងារសម្រាប់ត្រីមាសទី២ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងដើម្បីស្ដាប់ នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ ដែលសម្រេចបាន និងបញ្ហាប្រឈមនានារបស់ការិយាល័យទាំង៥ ដែលបានជួបប្រទះក្នុងត្រីមាសទី១ ដើម្បីរួមគ្នាពិនិត្យ និងវាយតម្លៃលើចំណុចខ្វះខាត និងបញ្ហាប្រឈមទាំងនោះ ឈានទៅស្វែងរកដំណោះស្រាយ និងកែលម្អការអនុវត្តន៍ការងារឱ្យកាន់តែប្រសើរឡើង ក្នុងត្រីមាសបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំនោះមន្ត្រីទាំងអស់បានចូលរួមពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុលលើទិសដៅការងារដែលបានដាក់ចេញ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូនឱ្យទទួលបានជោគជ័យ៕
ដោយ ៖ សិលា