ខេត្តព្រះសីហនុ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជាថ្មីម្តង ទៀតថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមិនមែនឱ្យឱ្យកងទ័ពចិនឈរជើងផ្តាច់មុខដូចការចោទប្រកាន់នោះទេ ពោលគឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជាដើម្បីការពារជាតិនិងការពារប្រជាជនកម្ពុជា។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា ស្វាគមន៍គ្រប់បណ្តាប្រទេសជាតិមិត្តទាំងអស់ មកធ្វើការហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីមិត្តភាព សាមគ្គី ភាព និងសហប្រតិបត្តិការ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាចិត្តជាថ្មីម្តងទៀត ក្នុងការគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា មិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេសឈរជើងនៅលើទឹកដីរបស់ខ្លួន ហើយក៏កម្ពុជា មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីបរទេសផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ ត្រូវបន្ដយកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ចំពោះកងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្ដាកោះឆ្នេរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឲ្យវិស័យ ការពារជាតិ ក្នុងនោះត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាល កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និង គុណភាព ដើម្បីបម្រើឲ្យវិស័យការពារជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់»។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី, ការសម្ពោធសមិទ្ធផលទំនើបកម្ម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃនេះ បានបង្ហាញការអភិវឌ្ឍនៅមូលដ្ឋានសមុទ្ររាមមិនមានអាថ៌កំបាំងនោះឡើយ។
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យ- សម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឲ្យបានល្អ ស្ថិរភាព និងមានប្រសិទ្ធភាព៕
ដោយ ៖ សិលា