ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតទៅកាន់លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក មកលើទំនិញនាំចូលពីកម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer
ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក
600 17th Street NW, Washington, DC 20508
កម្មវត្ថុ៖ សំណើសុំចរចាលើការអនុវត្តពន្ធគយលើការនាំចេញរបស់កម្ពុជា
គោរពជូនឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer,
ក្នុងនាមក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលសហរដ្ឋ អាម៉េរិក សម្រាប់ការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល ៧៥ឆ្នាំ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ ប្រជាជននៃប្រទេសរបស់យើង។ កម្ពុជាសូម វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការចូលរួមក្នុងន័យស្ថាបនា ក្នុងរយៈពេលជាច្រើនទសវត្សនេះ ដែលក្នុងនោះ ការនាំចេញភាគច្រើនរបស់កម្ពុជាទៅ សហរដ្ឋអាម៉េរិកជាការបំពេញបន្ថែមដល់ផលិតផលនិងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក។
ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់ សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទ ពីអត្រាពន្ធចង កាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate) ដូចមានជូនភ្ជាប់ក្នុង ឧបសម្ព័ន្ធ 1។ ជាមួយគ្នានេះ កម្ពុជាសូមស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាល បរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងការអភិវឌ្ឍប្រកបដោយចីរភាព របស់កម្ពុជា។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាព ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក សំដៅឈានទៅសម្រេចបានលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សូម ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ។ កម្ពុជារំពឹងនូវការឆ្លើយតបជាវិជ្ជមានរបស់ឯកឧត្តម។
ចម និម្មល
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ព្រះរាជាណាចក្រកម្ពុជា
ចម្លងជូន៖
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក
រតនាគារជាតិសហរដ្ឋអាម៉េរិក
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក៕
ដោយ ៖ សិលា