ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកងទ័ពចូលរួមអ្វីខ្លះដល់ការអភិវឌ្ឍប្រទេសជាតិ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កងទ័ពមិនត្រឹមតែចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេគឺថែមជាកម្លាំងសំខាន់មួយដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម» នៅខេត្តព្រះសីហនុព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កន្លងមក កងទ័ពរបស់យើងបានបង្កើនសមត្ថភាពលើជំនាញវិស្ថកម្ម ការបោសសម្អាតមីន ការជួយសង្រ្គោះគ្រោះមហន្តរាយ។ល។ ជាមួយនឹងផ្លែផ្កាគួរឱ្យកត់សម្គាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលថ្ងៃនេះក៏ចូលរួមបង្កើនសមត្ថភាពកង័ពជើងទឹកមួយកម្រិតទៀតក្នុងការថែរក្សាសន្តិសុខលំហសមុទ្រ និងកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការលំហាត់សមុទ្ររួមជាមួយបណ្តាប្រទេសជាមិត្ត និងចូលរួមពង្រឹងកិច្ចសហការទប់ស្កាត់រាល់បទល្មើសដែលកើតឡើងនៅក្នុងដែនសមុទ្រព្រមទាំងវិភាគទានដល់ការរក្សាសន្តិសុខដែនសមុទ្រនៅក្នុងតំបន់។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាមដែលដាក់ឱ្យដំណើរការនាពេលនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ដូចខ្ញុំប្រកាសមិញហ្នឹង ចាប់ពីថ្ងៃនេះទៅដែលយើងបើកដំណើរការជាផ្លូវការហើយ រាល់ការហ្វឹកហ្វឺនជាមួយប្រទេសជាមិត្ត ភាគីណាទាំងអស់ ដែលជាកងទ័ពជើងទឹក នឹងត្រូវអនុញ្ញាតឱ្យចូលមក យើងមានទាំងផែឱ្យនៅ និងមានកន្លែងឱ្យស្នាក់់នៅថែមទៀត»។

សម្តេចបានបន្តថា «យើងអត់មានលាក់ទេ ជាឱកាសពង្រឹងអធិបតេយ្យភាព មិត្តភាព សាមគ្គីភាពរវាងកម្ពុជាជាមួយប្រទេ សទាំងអស់ រួមទាំងវិស័យការពារជាតិរបស់យើង ផ្អែកលើសាមគ្គី និងការគោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក»។

បើតាមសម្តេចបវរធិបតី, រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ លើកលែងតែករណីបន្ទាន់ ដែលត្រូវការសង្គ្រោះ។ នាវាយោធាទាំងអស់សុទ្ធតែអាចចូលមកបាន លើកលែងតែនាវាដែលលើសចំណុះដែលកំពង់ផែកម្ពុជា មិនអាចទ្រទ្រង់បាន ៕

ដោយ ៖ សិលា


ចែករំលែក៖