ព័ត៌មានទាន់ហេតុការណ៍៖

លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរនិងរដ្ឋាភិបាលជាតិខ្មែរនិរទេស បានប្រកាសរំលាយចោលនូវរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុង Facebook ផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោក សម សេរី បានសរសេរថា ៖ ខ្ញុំបាទ សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរនិងរដ្ឋាភិបាលជាតិខ្មែរនិរទេស ។

ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស និងមិត្តបរទេសនានារួមទាំងអង្គការ អន្តរជាតិ មេត្តាជ្រាបថា ! ខ្ញុំបាទសូមប្រកាស រំលាយចោលនូវ រណសិរ្ស រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ ។

ហើយខ្ញុំបាទសូមអនុញ្ញាត គោរពផ្ញើជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវលិខិត ផ្លូវការ របស់ខ្ញុំ សម សេរី ។ 

គោរពជូន សម្តេចតេជោ និង សម្តេច ធិបតី មេត្តាជ្រាបស្តីពីការប្រកាស់រំលាយនេះគោរពជូនសម្តេច ទាំងពីរ ដោយសេក្តីគោរពស្រលាញ់រាប់អានដោយស្មោះអំពីខ្ញុំ ។

សម សេរី

ខ្ញុំបាទឈ្មោះ សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស សព្វថ្ងៃរស់នៅប្រទេស ដាណឺម៉ាក សហភាពអឺរ៉ុប ។

សូមគោរពជូន

-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា

-សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

-សម្តេចតេជោ និង សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់

កម្មវត្ថុ ៖ សំណើសុំសណ្តោសប្រណីលើកលែងទោសដល់រូបខ្ញុំបាទ សម សេរី ដើម្បីបានវិល ត្រឡប់មកកាន់ប្រទេសកម្ពុជា ហើយខ្ញុំបាទក៏សូមប្រកាសរំលាយចោលនូវរណសិរ្ស រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលដឹកនាំដោយខ្ញុំបាទ សម សេរី ចាប់ពីថ្ងៃនេះតទៅ។

សម្តេចតេជោ និង សម្តេចធិបតី ជាទីគោររាដ៏ខ្ពង់ខ្ពស់….!

ផ្អែកលើស្មារតីនៃការរួមសាមគ្គីគ្នាការពារនូវ “សន្តិភាព” និងការថែរក្សាការពារនូវ ផលប្រយោជន៍ដ៏ឧដុង្គឧត្តម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

ខ្ញុំបាទ សម សេរី សូមប្តេជ្ញារួបរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ គោរពតាមច្បាប់រដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្ស រួមគ្នាទប់ស្កាត់នូវការរំលោភច្បាប់នានា។

សូម សម្តេចតេជោ និង សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាទទួលនូវការ គោរពស្រលាញ់ដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖