ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា ថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនីហ្វេសប៊ុកក្លែងអត្តសញ្ញាណបង្ហោះខ្លឹមសារធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខត្តកណ្តាល រួមទាំងថ្នាក់ដឹកនាំតាមបណ្តាស្នងការនគរបាលខេត្តមួយចំនួន និងថ្នាក់ដឹកនាំផ្សេងៗទៀត ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនថា ចំពោះជនអគតិនោះ នៅវេលាម៉ោង8:30នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកែប បានសហការជាមួយក្រុមការងារនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងបង្កើតអាខោនហ្វេសប៊ុកក្លែងអត្តសញ្ញាណបរិហារបង្កាច់កេរ្ត៍ នៅភូមិកែប សង្កាត់កែប ខណ្ឌកែប ខេត្តកែប ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនខ្លួនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអនុវត្តនីតិវិធីបន្ត ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ ។
សូមអរគុណ !!!
ដោយ៖សិលា