ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករសំណង់ម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូទៅបុកគូថរថយន្តបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ខណៈស្រវឹងស្រាជិះម៉ូតូទៅបុកគូថរថយន្តពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៨នាទីយប់
ថ្ងៃ អង្គារ ១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០  នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលរងរបួសមានឈ្មោះ មាស សារឹម អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ មាស សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G -៦៥០៣ លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែទៅបុកនឹងរថយន្ដម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២I-១១០៩ ស្របគ្នាពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

អ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់ជាតិអាល់កុល
ស្រវឹង ១.១៦ mg/L ព្រមទាំងវាស់វែងនិងអូសយកមធ្យោបាយទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖