ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៍ មួយបានឲ្យដឹងថា
ភ្នំវត្តតាមាឃដែលជាសម្បត្តិធម្មជាតិសំបូរទៅដោយព្រៃឈើតូចធំដុះស្អេកស្កះយ៉ាងស្រស់បំព្រង ស្ថិតក្នុងភូមិលាវ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ត្រូវបានក្រុមហ៊ុនឯកជនមួយអះអាងថា ការជីកកាយយកអាចម៌ដី ជាគម្រោងអភិវឌ្ឍន៍របសថ្នាក់ជាតិ ជាមួយដៃគូរបស់ជប៉ុន។ ការដាក់គ្រឿងចក្រ កាយទន្រ្ទានយកអាចម៍ដីខាងលើនេះ ត្រូវបានមន្ត្រីនៃមន្ទីរជំនាញប្រាប់ថា មិនមិនទាន់បានដឹងព័ត៌មាននេះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ មានលំនៅឋាន ក្បែរជើងភ្នំវត្តតាមាឃនេះបានបង្ហើបអោយដឹងថា ភ្នំវត្តតាមាឃគឺជាភ្នំដែលសំបូរទៅដោយព្រៃឈើធម្មជាតិ មានតូចមានធំយ៉ាងស្អេកស្កះសម្រាប់ជាកន្លែងសត្វព្រៃរស់នៅ ពេលនេះត្រូវបានក្រុមហ៊ុន ឯកជនមួយអះអាងថា ជាគម្រោងអភិវឌ្ឍន៍របសថ្នាក់ជាតិជាមួយដៃគូរជប៉ុន ហើយ បានដាក់គ្រឿងចក្រចូលមកទន្រ្ទានកាយយកអាចម៌ ដីជាច្រើនថ្ងៃមកហើយ តែមិនដឹងថាគេយកទៅលក់ឬយកធ្វើអ្វីនោះទេ ក្នុងមួយថ្ងៃៗរាប់សិបឡាន ដោយមិនទាន់ឃើញមានអាជ្ញាធរ ឬ មន្ត្រីជំនាញណាម្នាក់ចុះមកហាមឃាត់ឡើយ សកម្មភាពនេះបើជាគម្រោង អភិវឌ្ឍន៍មែននោះ បាននឹងជាប្រយោជន៍សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែបើជាការឃុបឃិត ដោយខុសច្បាប់ ដើម្បីប្រយោជន៍បុគ្គលវិញ វានឹងធ្វើអោយបាត់បង់សម្បត្តិធម្មជាតិរបស់រដ្ឋជាក់ពុំខាន់ឡើយ ។
ពាក់ព័ន្ធនិងករណីខាងលើនេះ លោក នៅ រតនា ប្រធានអង្គភាពស៊ីម៉ាក់ ដែលទទួលបន្ទុកការងារជួសជុលផ្លូវ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ បានបញ្ជាក់ថា” លោកធ្វើការនេះតាមប្រសាសន៍សំណើររបស់ខេត្ត ដោយទីមួយខេត្តស្នើសុំលោកអោយជួយអភិវឌ្ឍន៍ ដល់អញ្ចឹងលោកជាក្រុមការងារអភិវឌ្ឍន៍ តាមរយៈសំណើផ្សេងៗ ភូមិធ្វើសំណើទៅឃុំ ឃុំធ្វើសំណើទៅស្រុក ស្រុកសុំការអនុញ្ញាតពិសេស អញ្ចឹងរាល់ផែនការរបស់លោក លោកបញ្ជូនចូលរួមក្នុងគណៈបញ្ជាការឯកភាពខេត្ត អញ្ចឹងលោកចេញអភិវឌ្ឍន៍នៅចំណុចណាៗលោកជាប្រតិបត្តករ អាជ្ញាធរខេត្តលោកអោយចូលយកដីនៅចំណុចណាៗ គឺសម្រេចនៅលើមូលដ្ឋាន ។ អញ្ចឹងអង្គភាពរបស់លោកអត់មានពាក់ព័ន្ធនឹងការស្នើសុំខ្លួនឯងទេ ព្រោះមូលដ្ឋានគេស្នើសុំដើម្បីអភិវឌ្ឍន៍កន្លែងណាយើងអត់មានបរិភោគដើម្បីចូលរួមទេ ព្រោះយើងជាអង្គភាពរដ្ឋ អ៊ីចឹងមូលដ្ឋានគេធ្វើសំណើរួចអស់ ទើបខាងលោកចុះធ្វើតាមសំណើររបស់គេតាមក្រោយ ” ។
ដោយឡែក លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរបស់សាលាខេត្ត បានប្រាប់ថា រឿងនេះលោកនឹងអោយគេចុះធ្វើការស្រាវជ្រាវ ។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង លោក អ៊ាន មាឃ បានបញ្ជាក់ថា លោកនៅមិនទាន់បានដឹងព័ត៌មាននេះទេ ចាំលោកអោយក្រុមការងារចុះទៅមើល៕
ដោយ៖ សូរិយា