ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវ Chelsea បាត់បង់៣ពិន្ទុ ខណៈ Man City បានត្រឹមស្មើ West Brom

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់ BBC Sport និងតាមលទ្ធផលរបស់ Soccerway នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា ការប្រកួតសម្រាប់សប្តាហ៍ទី១៣នៅក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី១៥ ធ្នូ មាន២ក្រុមគឺក្រុមម្ចាស់ផ្ទះ Wolverhampton ឈ្នះក្រុមតោខៀវ Chelsea ខណៈដែលក្រុមម្ចាស់ផ្ទះ Man City បានត្រឹមស្មើក្រុមភ្ញៀវ West Brom ប៉ុណ្ណោះ។

ក្រុមតោខៀវ Chelsea បានប្រកួតចាញ់២ប្រកួតផ្ទួនៗនៅលីគកំពូលអង់គ្លេសដែលធ្វើឲ្យក្រុមមួយនេះបាត់បង់ពិន្ទុ និងអាចធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង៤នៅអង់គ្លេសក៏ថាបាន។ ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Wolverhampton ត្រូវបរាជ័យ ២ទល់១ ដោយក្រុមតោខៀវ Chelsea មានឱកាសរកបាន១គ្រាប់នាំមុខមុន ដោយកីឡាករ Giroud នៅនាទីទី២៩។ ប៉ុន្តែនៅនាទីទី៦៦ កីឡាករ Daniel Podence  របស់ក្រុម Wolverhampton រកបាន១គ្រាប់សងវិញ និងនៅនាទីទី៩០+៥ក្នុងម៉ោងបន្ថែមរកបាន១គ្រាប់ទៀតដោយកីឡាករ Pedro Neto ធ្វើឲ្យចប់ការប្រកួតក្រុម Woverhampton ឈ្នះ Chelsea ក្នុងលទ្ធផល ២ទល់១។

ចំណែកក្រុមម្ចាស់ផ្ទះ Man City បានត្រឹមស្មើ១ទល់១ ជាមួយក្រុមភ្ញៀវ West Brom ដែលធ្វើឲ្យក្រុម Man City បាន១ពិន្ទុឈរចំណាត់ថ្នាក់លេខ៦ ខណៈដែលក្រុម West Brom បានធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ១៩ ក្នុងតំបន់កាត់ចោល។

១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Man City រកបានដោយកីឡាករ Gündoğanនៅនាទីទី៣០ ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវ West Brom គឺជាការភ្លាត់ស្នៀតរបស់កីឡាករ Rúben Dias នៅក្រុម Man City ទាត់ចូលទីខ្លួនឯងនៅនាទីទី៤៣។

សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូបន្តទៀត ដោយក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុម Burnley នៅក្រៅទឹកដី ខណៈក្រុមមេឃខៀវ Man City ត្រូវប៉ះក្រុម Southampton នៅក្រៅទឹកដីដែរ ដើម្បីប្រជែងយក៣ពិន្ទុរៀងៗខ្លួន ៕ដោយ៖ភារៈ


ចែករំលែក៖