ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការក្រោយវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់ពីខេត្តសៀមរាបជិះទៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​១៥ខែធ្នូ ឆ្នំា២០២០កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់នៅខេត្តសៀមរាប​រួចជិះគេចខ្លួនទៅខេត្តបាត់ដំបង។

មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ​ហុន វិជាតិ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ គ្មាន​មុខរបរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹង​ដូ​ប​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជនសង្ស័យត្រូវឃាត់ខ្លួន​បាន​នៅ​ចំណុច ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ក្នុងខណៈ​ពេលដែល​ជនសង្ស័យ​ខាង លើ ជិះ​ម៉ូតូ​ដែល​វ៉ៃ​យកបាន​ពី​ជនរងគ្រោះ ពី​ខេត្ត សៀមរាប ហើយ​គេចខ្លួន​មកដល់​ស្រុក​កំរៀង​។ ចំណែក​ជនរងគ្រោះ សមត្ថកិច្ច​ពុំ​បង្ហាញ​ឈ្មោះ​នោះទេ​។​

ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យបានវ៉ៃ​ជនរងគ្រោះ​យក​ម៉ូតូ កាលពី​វេលា​ម៉ោង ២និង៣០ នាទីរសៀល ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ក្រោយពី​ទទួល​ពាក្យបណ្តឹង កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ស៊ើប អង្កេត​បទល្មើស​ជាក់ស្តែង ។ លុះ​នៅវេលា​ម៉ោង ១និង៣០ នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក អនុ​សេនីយ៍​ទោ សៀក សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ បានធ្វើ​ការសហការ​ជាមួយ​កម្លាំង​ជំនាញ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យតែម្តង។  ជាមួយនេះក៏រឹបអូសវត្ថុតាងរួមមាន ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ លេខ​តួ​+​លេខ​ម៉ាស៊ីន ៨១៩៦៨៧៦ ពាក់​ស្លាក​លេខ សៀមរាប ១B-៨៧៧៧ ជាម៉ូតូ​ដែល​ជនសង្ស័យ​វ៉ៃ​យក​ពី​ជនរងគ្រោះ​។​

ក្នុងពេល​សាកសួរ ជនសង្ស័យ​នេះបាន​សារភាពថា ខ្លួន​ពិតជា​បាន​វ៉ៃ​ជនរងគ្រោះ​យក​ម៉ូតូ​ពិតប្រាកដ​មែន ទើបសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចសត់ការតាមច្បាប់៕ដោយ ៖ប្រាថ្នា


ចែករំលែក៖